(មេនឆេស្ទើ)៖ ខ្សែបម្រើស្លាប Alejandro Garnacho បានដាក់អនាគតរបស់លោក ស្ថិតក្នុងភាពមិនច្បាស់លាស់ជាមួយក្លិបបិសាចក្រហម Manchester United បន្ទាប់ពីអ្នកចាត់ការទូទៅ លោក Ruben Amorim បានសម្រេចចិត្តដាក់កីឡាករអាហ្សង់ទីននេះលេងតែ ២០នាទីចុងក្រោយផ្តាច់ព្រ័ត្រ UEFA Europa League 2024-25។
កីឡាករ Brennan Johnson ជាអ្នករកបានគ្រាប់ជ័យជម្នះ ១-០ នៅចុងវគ្គទី១ បានបញ្ចប់ការទន្ទឹងរង់ចាំឈ្នះពានអស់ ១៧ឆ្នាំរបស់ Tottenham Hotspur ជាអ្វីដែលញាំងឱ្យបិសាចក្រហម Man Utd ពុំមានកៅអីលេងពានអឺរ៉ុបណាមួយឡើយនារដូវកាលក្រោយ និងជាលើកដំបូងផងដែរ គិតចាប់តាំងពីរដូវកាល ២០១៤-១៥។
Garnacho វ័យ ២០ឆ្នាំ ត្រូវបានប្តូរចូលជំនួសមិត្តរួមក្រុម Mason Mount សល់ត្រឹម ២០នាទីដល់ម៉ោងបញ្ចប់នៅទីក្រុង Bilbao ប្រទេសអេស្ប៉ាញ។
កន្លងមក ខ្សែបម្រើស្លាបអន្តរជាតិអាហ្សង់ទីនរូបនេះ ត្រូវបានទាក់ទងដោយក្លិប Chelsea និង Napoli ផងដែរកាលខែមករា ឆ្នាំ២០២៥ ជាហេតុធ្វើឱ្យលោក Amorim រឹតត្បិតក្នុងការដាក់កីឡាករវ័យក្មេងនេះចូលលេងក្នុងថ្ងៃផ្តាច់ព្រ័ត្របែបនេះ ដែលផ្លាស់មកលេងនៅ Old Trafford នាឆ្នាំ២០២០។
Garnacho បានថ្លែងថា «រហូតមកដល់ផ្តាច់ព្រ័ត្រនេះ ខ្ញុំបានចូលលេងគ្រប់ជុំទាំងអស់ ជាពិសេសក្នុងជម្រើស ១១នាក់ដំបូង លើកលែងតែថ្ងៃនេះប៉ុណ្ណោះ ខ្ញុំបានលេងតែ ២០នាទី។ ខ្ញុំមិនដឹងមកពីមូលហេតុអ្វីទេ។ ជាចុងក្រោយ ខ្ញុំនឹងធ្វើការសម្រេចចិត្តដ៏មានឥទ្ធិពលមួយ និងទន្ទឹងរង់ចាំផងដែរថាមានអ្វីកើតឡើងបន្តទៀត»៕