(បាត់ដំបង)៖ ឆ្លើយតបទៅនឹងតាមការអញ្ជើញពីថ្នាក់ដឹកនាំរបស់អង្គការហ្វាពន្លឺសិល្បៈ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង កាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារដែលជាទីបណ្តុះបណ្តាលជំនាញសិល្បៈដ៏ធំមួយ នៅខេត្តបាត់ដំបង ហើយជាមួយគ្នានោះ លោកជំទាវអ្នកឧកញ៉ា ក៏បាននាំយកនូវថវិកាចំនួន៥លានរៀល ឧបត្ថម្ភជូនអង្គការនោះផងដែរ។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំអង្គការហ្វារពន្លឺសិល្បៈ បានសម្តែងក្តីរំភើប និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូសមាគមសិល្បករខ្មែរ ដែលនោះជាការផ្តល់កិត្តិយសដ៏ធំធេង និងជាការលើកទឹកចិត្តដល់សិល្បករ-សិល្បការិនី និងកុមារដែលកំពុងសិក្សានៅទីនោះ។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានលើកឡើងថា ការអញ្ជើញមកនេះ គឺតបតាមការអញ្ជើញរបស់អង្គការហ្វារពន្លឺសិល្បៈនាពេលកន្លងមក ហើយដំណើរទស្សនកិច្ចនេះទៀតសោតក៏ដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក ដែលសុទ្ធសឹងជាភាគីជួយជម្រុញលើកស្ទួយសិល្បៈវប្បធម៌របស់កម្ពុជា។ លោកជំទាវអ្នកឧកញ៉ាបន្តថា បន្ទាប់ពីស្វែងយល់ពីគ្នាយើងនឹងសិក្សាពីលទ្ធភាពនៃការពង្រឹងទំនាក់ទំនងបន្ថែមក៏ដូចជាការធ្វើការបណ្តុះបណ្តាលសិល្បៈ និងការបង្កើតព្រឹត្តិការណ៍សិល្បៈនានារួមគ្នា។

លោក ខាត់ វៃហាំង សិល្បករកំពុងមានប្រជាប្រិយភាព បានលើកឡើងថា លោកមកទីនេះ លោកបានដឹងពីស្នាដៃ ពីការសិក្សារៀនសូត្រ ការចាប់ផ្តើមដំណើរការដំបូងរបស់អង្គការហ្វារពន្លឺសិល្បៈ ហើយជាពិសេសក៏មានអ្នកដែលបញ្ចប់ការសិក្សាពីអង្គការហ្វារពន្លឺសិល្បៈទៅ គឺមានការងារល្អៗកំពុងបំពេញ។

ក្នងនោះដែរ អ្នកនាង យុគ ចិន្តា ពិធីការិនីដ៏ល្បី លើកឡើងថា អ្នកនាងពិតជាសប្បាយចិត្តយ៉ាងខ្លាំង ពេលដែលបានមកដល់អង្គការហ្វារពន្លឺសិល្បៈនេះ ដោយមិននឹកស្មានថាកូនខ្មែរបានរៀននូវចំណេះជំនាញយ៉ាងច្រើនដែលអង្គការនៅទីនេះបានបង្រៀនដល់ពួកគេ។ តាមការសង្កេតឃើញថាស្នាដៃជាច្រើននៅអង្គការនេះល្អឥតខ្ចោះតែម្ដង។

ក្នុងឱកាសនោះ លោក តោ វុដ្ឋា តំណាងអង្គការហ្វារពន្លឺសិល្បៈ និងជាសហស្ថាបនិកលើកឡើងថា អង្គការសព្វថ្ងៃកំពុងធ្វើការ លើការងារសិល្បៈ និងការងារសង្គម ដែលខាងសិល្បៈមានសូន្យរូប ក្រាហ្វិចឌីសាញ របាំ តន្ត្រីបុរាណ និងតន្ត្រីសម័យ និងសៀក ល្ខោនជាដើម។

លោកបន្តថា សិស្សដែលមកសិក្សានៅទីនេះ ចាប់ពីថ្នាក់មត្តេយ្យ ដល់វិទ្យាល័យ។ ចំណែកគ្រូផ្នែកសិល្បៈ គឺជាសិស្សដែលបានបញ្ចប់ពីអង្គការហើយចូលមកធ្វើជាគ្រូ មកជួយបង្រៀនអ្នកជំនាន់ក្រោយវិញ រីឯលោកគ្រូអ្នកគ្រូផ្សេងទៀតចេញមកពីក្រសួងអប់រំ យុវជន និងកីឡា។

សូមបញ្ជាក់ថា ក្នុងឱកាសដឹកនាំសិល្បករ-សិល្បការិនី ទស្សនកិច្ចនៅអង្គការហ្វាពន្លឺសិល្បៈ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ បានឧបត្ថម្ភថវិកា៥លានរៀល សម្រាប់ប្រើប្រាស់តាមតម្រូវការរបស់អង្គការផងដែរ៕