(បាសេឡូណា)៖ ខ្សែប្រយុទ្ធស្លាបប្រេស៊ីល Raphinha បាននិយាយថា លោកមានក្តីសុបិនចង់ចូលនិវត្តន៍ពីបាល់ទាត់អាជីពក្នុងក្លិប FC Barcelona តែម្តង ក្រោយពេលចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយក្រុមអ្នកមានបុណ្យរហូតដល់ឆ្នាំ២០២៨ ខាងមុខ។
គិតមកទល់នឹងពេលនេះ កីឡាករវ័យ ២៨ឆ្នាំដែលកំពុងឡើងជើង រកបាន ៥៤គ្រាប់ និងបញ្ជូនបាល់បាន ៥០គ្រាប់ផងដែរ ពីការចូលលេងសរុបចំនួន ១៤៣ប្រកួតគ្រប់កម្មវិធីជាមួយ Barcelona នៅពេលផ្លាស់ចេញពីក្លិបអង់គ្លេស Leeds United នាអំឡុងឆ្នាំ២០២២ មក។
Raphinha ដែលស្ថិតក្នុងក្រុមជម្រើសជាតិសាំបាប្រេស៊ីលបច្ចុប្បន្នបានថ្លែង តាមរយៈការដកស្រង់ចេញផ្សាយដោយ BBC ថា «វាពិតជាពិសេសខ្លាំងណាស់ ដែលបានក្លាយជាគ្រួសារ Barcelona ក្នុងរយៈពេលច្រើនឆ្នាំទៅមុខទៀត។ កន្លងមកខ្ញុំធ្លាប់បានប្រាប់ក្រុមគ្រួសាររបស់ខ្ញុំថា ក្តីសុបិនរបស់ខ្ញុំ គឺនឹងបន្តលេងឱ្យ Barcelona ពោលគឺរហូតដល់ចូលនិវត្តន៍តែម្តង»។
គួររំលឹកផងថា កិច្ចសន្យារយៈពេល ៥ឆ្នាំរបស់ Raphinha នឹងអស់សុពលភាពជាមួយក្រុមស្ថិតនៅតំបន់ Catalan មួយនេះត្រឹមឆ្នាំ២០២៧ មុនពេលបន្ត ១រដូវកាលទៀត។ Barcelona ត្រូវបង្គ្រប់កិច្ច ដើម្បីបិទរដូវកាលលីគកំពូលអេស្ប៉ាញ La Liga តាមរយៈប៉ះគូប្រជែង Athletic Bilbao នៅរាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះ ក្នុងនាមឈ្នះពាន ៣ដែររួមមាន La Liga, Copa del Rey និងពានបើករដូវកាល Spanish-Super Cup ដោយមានការរួមចំណែកធំពី Raphinha ដែរ៕