(ម៉ាឌ្រីដ)៖ ខ្សែបម្រើអន្តរជាតិក្រូអាត Luka Modric បានទម្លាយថា រូបគេនឹងចាកចេញពីក្លិបយក្សអេស្ប៉ាញ Real Madrid នៅក្រោយពេលបញ្ចប់កម្មវិធី Club World Cup 2025 នាទឹកដីសហរដ្ឋអាមេរិកខែក្រោយនេះ។
កីឡាករវ័យ ៣៩ឆ្នាំ អតីតម្ចាស់ពានបាល់មាស Ballon d’Or 2018 នឹងបង្ហាញខ្លួនលើកចុងក្រោយនៅកីឡដ្ឋាន Santiago Bernebeu នារាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ពេលអធិរាជស Real ប៉ះ Real Sociedad នៅថ្ងៃបិទបញ្ចប់ La Liga រដូវកាលនេះ។
Modric ដែលត្រូវបាន Real Madrid ទិញពីក្លិបអង់គ្លេស Tottenham Hotspur កាលឆ្នាំ២០១២ បានរួមចំណែកជួយក្រុមស្ថិតនៅទីក្រុង Madrid ឈ្នះជើងឯកសរុបដល់ទៅ ២៨ពាន ក្នុងនោះដែរមានពានធំប្រចាំទ្វីបអឺរ៉ុប UEFA Champions League បាន ៦លើកឯណោះ។
Modric តាមរយៈការដកស្រង់ចេញផ្សាយដោយ BBC ថា «ទីបំផុតពេលវេលាក៏បានមកដល់ ជាពេលដែលខ្ញុំមិនចង់បាន ក៏ប៉ុន្តែនេះជាបាល់ទាត់។ គ្រប់យ៉ាងតែងតែមានការចាប់ផ្តើម និងបញ្ចប់ទៅវិញ។ កាលពីឆ្នាំ២០១២ ខ្ញុំបានមកពាក់អាវក្រុមខ្លាំងបំផុតលើលោក ជាមួយមហិច្ឆតាដ៏អស្ចារ្យទៀតផង។ ការលេងឱ្យក្លិប Real វាបានធ្វើឱ្យជីវិតខ្ញុំមានការផ្លាស់ប្តូរ ប្រៀបដូចក្លាយជាមនុស្សថ្មី»។
ការចាកចេញរបស់ Modric វាក៏ស្របពេលកិច្ចសន្យាចាស់បានផុតសុពលភាពនាបំណាច់រដូវកាល ២០២៤-២៥ នេះដែរ មុនពេលអតីតមិត្តរួមក្រុមចាស់ លោក Xabi Alonso មកដឹកនាំដែរ៕