(ភ្នំពេញ)៖ ជាការបោះជំហានថ្មីមួយបន្ថែមទៀតដើម្បីពង្រឹងគុណភាពនៃការអប់រំកម្រិតមត្តេយ្យ ដោយនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ បានបើកសម្ពោធសួនកម្សាន្ដសម្រាប់កុមារតូច “Enchanted Forest” ដែលជាសួនកម្សាន្ដបែបផ្សងព្រេងដំបូងគេបង្អស់ដែល ត្រូវបានកសាងក្នុងសាលារៀន នៅប្រទេសកម្ពុជា។
ពិធីកាត់ខ្សែបូសម្ពោធសួនកម្សាន្ដនេះមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្អូនៗ សិស្សានុសិស្ស បុគ្គលិកសិក្សា ថ្នាក់ដឹកនាំសាលា និងជាពិសេសគឺប្អូនៗកុមារតូចត្រូវបានអនុញ្ញាតឱ្យចូលលេងកម្សាន្ដក្នុងសួន កម្សាន្ដដែលរចនាឡើងដើម្បីបំពេញតម្រូវការសិក្សាក្នុងវ័យកុមារភាពរបស់ពួកគេ។
សួនកម្សាន្ដសម្រាប់កុមារតូច “Enchanted Forest” គឺលើសពីកន្លែងក្មេងលេងធម្មតា ដ្បិតសួននេះ ត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីបង្កើតបរិយាកាសសិក្សាមួយសម្រាប់កុមារអាចបណ្ដុះក្ដីស្រមៃ និងជំរុញឱ្យពួកគេចង់ចេះចង់ដឹងអំពីចំណេះដឹងថ្មីៗ ព្រមទាំងអាចកសាងភាពច្នៃប្រឌិត និងក្ដីស្រឡាញ់ចំពោះ មនុស្សជុំវិញខ្លួន ស្របតាមចក្ខុវិស័យដឹកនាំ និងការប្ដេជ្ញាចិត្តខ្ពស់លើការអភិវឌ្ឍវិស័យអប់រំប្រកបដោយ នវានុវត្តន៍របស់ ឯកឧត្ដម ឧកញ៉ាបណ្ឌិត ត្រាំង លី និងលោក ហ៊ឹម សំអាតស្ព្រង់ ដែលជាស្ថាបនិករបស់ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍។
លោក ម៉ៃឃល វ៉ែល ប្រធាននាយកប្រតិបត្តិ នៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានថ្លែងថា៖ «សួនកម្សាន្ដសម្រាប់កុមារតូច Enchanted Forest នឹងក្លាយជាកន្លែងកម្សាន្ដដែលផ្ដោតសំខាន់ លើជីវិតសិក្សាក្នុងវ័យកុមារភាពរបស់សិស្ស និងជាកន្លែងដែលពួកគេអាចបង្កើតមិត្តភាព និងបណ្ដុះបំណិនជីវិត សំខាន់ៗ ដើម្បីក្លាយជាបុគ្គលមានចិត្តសប្បុរស មានសមត្ថភាព ចំណេះដឹង និងមានការយល់ដឹងជាសកល»។
លោកបានបន្ថែមថា សួនកម្សាន្ដដែលមានស្ពានឆ្លង ផ្លូវរូងក្រោមដី ពោងលោត និងកន្លែងអានសៀវភៅ ត្រូវបានរចនាឡើង ដើម្បីឱ្យកុមារអាចភ្ជាប់ទំនាក់ទំនងរវាងគ្នា និងគ្នាកសាងទំនុកចិត្ត និងបណ្ដុះក្ដីស្រមៃ ហើយកុមារតូចៗមិនត្រឹមតែអាចលេងកម្សាន្ដដោយសប្បាយរីករាយប៉ុណ្ណោះទេ ពួកគេក៏អាចស្វែងរកចំណេះដឹងថ្មីៗ ជាមួយមិត្តភក្ដិរបស់ពួកគេផងដែរ៕