(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ជម្រើសជើងឯកលីគនារីកម្ពុជា(Cambodian Women’s League) ឆ្នាំ២០២៥ នឹងចាប់ផ្ដើមការប្រកួតរដូវកាលថ្មី នាថ្ងៃទី៣១ ខែឧសភាខាងមុខនេះ ខណៈបេក្ខភាពចូលរួមសល់ត្រឹម ៨ក្រុមប៉ុណ្ណោះ ពោលគឺមានការថយចុះ ២ក្រុម បើធៀបឆ្នាំមុន។

នេះបើយោងតាមលទ្ធផលនៃការចាប់ឆ្នោត និងបទបង្ហាញ ស្ដីពីការប្រកួតពានរង្វាន់ Cambodian Women’s League 2025 នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នេះ ដែលធ្វើឡើងក្រោមវត្ដមានលោកស្រី ពុធ ធីតា សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាប្រធានគណៈកម្មាធិការបាល់ទាត់នារី និងលោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធ ព្រមទាំងតំណាងក្លិប/សមាគមទាំង ៨ ផងដែរ។

សម្រាប់សមាជិក ៨ក្រុម ដែលត្រៀមប្រជែងជើងឯកលីគនារី រដូវកាលថ្មីនេះ រួមមានក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន, វិសាខា, ព្រះខ័នរាជស្វាយរៀង, ណាហ្គាវើលដ៏, មីស្ទើរលេង, បឹងកេត, សៀមរាបអេហ្វស៊ី និងក្រុមចំណូលថ្មី សមាគមកីឡាខេត្តកណ្ដាល ។ រីឯក្រុមឆ្នាំចាស់ ដែលពុំមានឈ្មោះក្នុងការប្រកួតឆ្នាំនេះ គឺមានសមាគមកីឡាខេត្តកំពង់ធំ, មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង និងក្រុមសលត៍ខេត្តបាត់ដំបង។

ក្រឡេកទៅចាប់អារម្មណ៍លទ្ធផលចាប់ឆ្នោតប្រកួតសប្ដាហ៍ទី១ នៃលីគនារី រដូវកាលថ្មីនេះដែរ ពិតជាគួរឲ្យចាប់អារម្មណ៍ ដ្បិតក្រុម Top-3 ត្រូវជួបគ្នា ពោលគឺក្រុមការពារជើងឯក ភ្នំពេញក្រោន ត្រូវជួបក្រុមលេខ៤ ព្រះខ័នរាជស្វាយរៀង និងក្រុមជើងឯករង វិសាខា ត្រូវជួបក្រុមលេខ៣ ណាហ្គាវើលដ៏ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ៕