(បរទេស)៖ សារព័ត៌មាន Bloomberg បានរាយការណ៍មកថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple គ្រោងនឹងដាក់បង្ហាញវ៉ែនតាឆ្លាតវៃដំបូងរបស់ខ្លួននៅចុងឆ្នាំ២០២៦ ដែលជាផ្នែកមួយនៃការជំរុញតម្រូវការសម្រាប់ឧបករណ៍ឆ្លាតវៃសិប្បនិម្មិត AI របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។
ប្រភពពី Bloomberg ដដែលបានឱ្យដឹងទៀតថា Apple មានបំណងចាប់ផ្តើមការផលិតទ្រង់ទ្រាយធំនៃគំរូជាច្រើនជាមួយអ្នកផ្គត់ផ្គង់នៅក្រៅប្រទេសនៅចុងឆ្នាំនេះ ដើម្បីបំពេញតាមពេលវេលាកំណត់នេះ។ យ៉ាងណា ជុំវិញព័ត៌មានលម្អិតអំពីវែនតានេះ Apple នៅមិនទាន់មានការបង្ហាញលម្អិតនៅឡើយនោះទេ។
តែបើយោងតាម របាយកាណ៍ចុះផ្សាយកន្លងមកធ្លាប់បានឱ្យដឹងថា វ៉ែនតាឆ្លាតវៃទាំងនេះនឹងបំពាក់ជាមួយនឹងមុខងារពិសេសៗដូចជា កាមេរ៉ា មីក្រូហ្វូន និងឧបករណ៍បំពងសម្លេង (speaker) ដែលអនុញ្ញាតឱ្យពួកគេផ្តិតយករូបភាពជុំវិញខ្លួន និងឆ្លើយតបទៅនឹងការបញ្ជាដោយសំឡេងតាមរយៈ Siri។ មិនត្រឹមតែប៉ុណ្ណោះ វែនតាឆ្លាតវៃរបស់ Apple ក៏ត្រូវបានគេរំពឹងថានឹងគាំទ្រមុខងារដូចជាការហៅទូរសព្ទ ការចាក់តន្ត្រី ការបកប្រែផ្ទាល់ និងជំនួយការរុករកផងដែរ។
គួរជម្រាបថា វ៉ែនតាថ្មីរបស់ Apple នឹងចេញមកប្រកួតប្រជែងជាមួយ វែនតា Ray-Ban smart glass របស់ Meta ដែលជាមេធំរបស់ Facebook ។ ខណៈពេលដែលសមត្ថភាព augmented reality (AR) ត្រូវបានគ្រោងទុកសម្រាប់ពេលអនាគត ការចេញផ្សាយដំបូងនឹងស្រដៀងទៅនឹងវ៉ែនតាឆ្លាតវៃ Ray-Ban របស់ Meta ប៉ុន្តែវានាំមកជាមួយនឹងគុណភាពខ្ពស់ ព្រមទាំងការពង្រឹង AI ខ្លាំងជាង៕