(បរទេស)៖ របាយការណ៍ពី JATO Dynamics បានរាយការណ៍មកថា នៅក្នុងខែឧសភា ឆ្នាំ២០២៥នេះ ក្រុមហ៊ុនចិន BYD បានលក់រថយន្តអគ្គិសនីសុទ្ធច្រើនជាងក្រុមហ៊ុន Tesla ជាលើកដំបូងមិនធ្លាប់មាន នៅក្នុងតំបន់អឺរ៉ុប។ ពោលគឺបានកើនឡើងរហូតដល់ ៣៥៩% ឯណោះ បើធៀបនឹងឆ្នាំមុន។ នេះបើយោងតាមទិន្នន័យចុះបញ្ជីរថយន្តថ្មី និងត្រូវបានចេញផ្សាយបន្តដោយ CNBC នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។
JATO បាននិយាយនៅក្នុងរបាយការណ៍នោះថា ក្នុងរយៈពេលដូចគ្នានេះ Tesla បានរាយការណ៍ថាមានការធ្លាក់ចុះប្រចាំខែសរុប ៤៩% ដែលតំណាងឱ្យការធ្លាក់ចុះដ៏ខ្លាំងបំផុតក្នុងតំបន់អឺរ៉ុបរបស់ខ្លួន។ ខណៈការធ្លាក់ចុះនេះ ត្រូវបានគេមើលឃើញថា កើតឡើងបន្ទាប់ពីមានការតវ៉ាប្រឆាំងនឹង CEO លោក Elon Musk និងក្រុមហ៊ុនក្នុងតំបន់ ដែលទាក់ទងនឹងការខ្លូនក្នុងវិស័យនយោបាយរបស់លោក។
យោងតាមប្រសាន៍របស់លោក Felipe Munoz អ្នកវិភាគរថយន្តសកលនៅ JATO Dynamics បាននិយាយថា ទោះបីជាភាពខុសគ្នារវាងការលក់ប្រចាំខែរបស់ក្រុមហ៊ុន BYD និង Tesla នៅអឺរ៉ុបមានកម្រិតតិចតួចក៏ដោយ ផលប៉ះពាល់នៃ BYD ផ្តួល Tesla គឺ «ធំសម្បើម»។ គាត់បានពណ៌នាថានេះជា «ពេលទឹក» ដែលទំនងជាសំដៅដល់ចំណុចរបត់ដ៏សំខាន់មួយនៅក្នុងសក្ដានុពលទីផ្សាររថយន្តនៅអឺរ៉ុប ដោយសង្កត់ធ្ងន់ថា Tesla បានគ្រប់គ្រងលើវិស័យរថយន្តអគ្គិសនីរបស់អឺរ៉ុប (BEV) អស់ជាច្រើនឆ្នាំ ខណៈដែល BYD ទើបតែពង្រីកប្រតិបត្តិការជាផ្លូវការលើសពីប្រទេសន័រវេស និងហូឡង់នៅចុងឆ្នាំ២០២២ ។
គួរជម្រាបថា JATO បានគូសបញ្ជាក់ថា BYD មិនត្រឹមតែវ៉ាដាច់ Tesla ក្នុងការលក់រថយន្តអគ្គិសនីនៅអ៊ឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានដំណើរការល្អជាងម៉ាករថយន្តអ៊ឺរ៉ុបដែលមានការទទួលស្គាល់នៅទូទាំងតំបន់ផងដែរ។ ជាឧទាហរណ៍ BYD លក់ដាច់ជាង Fiat និង Seat នៅប្រទេសបារាំង ក៏ដូចជាក្រុមហ៊ុនអ៊ឺរ៉ុបប្រពៃណីផ្សេងទៀតដូចជា Fiat, Dacia និង Seat នៅចក្រភពអង់គ្លេស៕