(ភ្នំពេញ)៖ ធនាគារ វីង ត្រូវបានទទួលស្គាល់ដោយទស្សនាវដ្តី Global Brand សម្រាប់ឧត្តមានុវត្តន៍លើការផ្តល់ដំណោះស្រាយឌីជីថល សំដៅលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ ធនាគារ វីង (ខេមបូឌា) ម.ក ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួន២ពីទស្សនាវដ្តី Global Brand សម្រាប់ការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពច្នៃប្រឌិតរួមមាន វីងឌីជីថលឡូន និងគណនីសន្សំដើម្បីគោលដៅ។ ពានរង្វាន់ទាំងនេះបានឆ្លុះបញ្ចាំងពីភាពឈានមុខគេរបស់ធនាគារ វីង ដែលតែងតែផ្តល់នូវសេវាហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជា។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា «វត្តមាននៃនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុត្រូវតែដោះស្រាយនូវបញ្ហាដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អ្នកប្រើប្រាស់។ ផលិតផលរបស់យើងបង្កើតឡើងដើម្បីផ្តល់ជូនអតិថិជនទាំងអស់នូវភាពងាយស្រួលប្រើប្រាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ ដោយប្រាកដថាពួកគាត់ទទួលបាននូវមធ្យោបាយដែលអាចដោះស្រាយតម្រូវការបន្ទាន់ សម្រេចគោលដៅហិរញ្ញវត្ថុ ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។ យើងខ្ញុំពិតជាមានកិត្តិយសដែលការខិតខំប្រឹងប្រែងកន្លងមកត្រូវបានទទួលស្គាល់ជាសកល»។

ស្របពេលដែលប្រទេសកម្ពុជាកំពុងសម្របខ្លួនឆ្ពោះទៅអនាគតដែលគ្រប់ទិដ្ឋភាពសង្គម និងសេដ្ឋកិច្ច ត្រូវបានជំរុញដោយប្រព័ន្ធឌីជីថល ធនាគារ វីង នៅតែរក្សាការប្តេជ្ញាចិត្តសំដៅរួមចំណែកសម្រេចចក្ខុវិស័យនេះដោយផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់ទៅដល់សហគមន៍នៅទូទាំងប្រទេសកម្ពុជា។ ជាមួយវីងឌីជីថលឡូន អតិថិជនអាចស្នើកម្ចីភ្លាមៗ ដែលស័ក្តិសមបំផុតក្នុងគ្រាមានតម្រូវការបន្ទាន់ ឬកាលទេសផ្សេងៗក្នុងការរស់នៅប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់។ មិនថាការចំណាយថ្លៃព្យាបាល បង់ថ្លៃសាលា ឬពង្រីកអាជីវកម្មក្តី ពោលគឺដំណើរការអនុម័តកម្ចីនេះមានភាពលឿនរហ័ស និងមិនត្រូវការឯកសារស្មុគស្មាញឡើយ។ អតិថិជនអាចស្នើកម្ចីនេះដោយផ្ទាល់តាមអេប Wing Bank ហើយទំហំកម្ចីទទួលបានគឺអាស្រ័យលើភាពញឹកញាប់នៃការធ្វើប្រតិបត្តិការហិរញ្ញវត្ថុរបស់អតិថិជននៅលើអេប Wing Bank។ វីងឌីជីថលឡូន ធ្វើឱ្យការផ្តល់កម្ចីកាន់តែទំនើបដែលអ្នកប្រើប្រាស់អេប Wing Bank ទាំងអស់អាចស្នើកម្ចីបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

គិតត្រឹមដំណាច់ឆ្នាំ ២០២៤ វីងឌីជីថលឌីជីថលឡូនបានអនុម័តកម្ចីជាង ៣.២លានសំណើ ដែលផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុទៅដល់អតិថិជនទាំងអស់ ក៏ដូចជាអាជីវកម្មខ្នាតតូចជាច្រើនក្នុងការដោះស្រាយតម្រូវការហិរញ្ញវត្ថុចាំបាច់ប្រចាំថ្ងៃ។ ជាមួយគ្នានេះ សម្រាប់អតិថិជនដែលផ្តោតលើការសន្សំ គណនីសន្សំដើម្បីគោលដៅ នឹងជួយឱ្យអតិថិជនអាចបង្កើនប្រាក់សន្សំនោះយ៉ាងមានប្រសិទ្ធភាព មិនថាការសន្សំជាលក្ខណៈបុគ្គល ឬសន្សំជាមួយដៃគូនោះឡើយ។ អតិថិជនគ្រាន់តែតម្កល់ទឹកប្រាក់ក្នុងគណនីសន្សំដើម្បីគោលដៅត្រឹមតែ ៥ ដុល្លារប៉ុណ្ណោះ ហើយបន្ទាប់មកអាចដាក់ប្រាក់សន្សំតាមចំណូលចិត្តជាក់ស្តែង ជាមួយអត្រាការប្រាក់ទទួលបានរហូតដល់ ៥% ក្នុងមួយឆ្នាំ។

ដើម្បីបើកគណនីនេះ អតិថិជនគ្រាន់តែចុចលើមុខងារ "គណនីថ្មី" នៅលើអេប Wing Bank រួចជ្រើសរើសយក "គណនីសន្សំដើម្បីគោលដៅ"។ ដំណោះស្រាយដ៏មានភាពច្នៃប្រឌិតនេះបានផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងទៅដល់សហគមន៍ ដោយជំរុញឱ្យមានវប្បធម៌សន្សំដ៏ឆ្លាតវៃនៅទូទាំងប្រទេសកម្ពុជា។ សព្វថ្ងៃនេះមានអតិថិជនជាង ២៦,០០០នាក់កំពុងប្រើប្រាស់គណនីសន្សំដើម្បីគោលដៅ ដែលនេះបង្ហាញពីការយល់ដឹងកាន់តែច្រើនឡើងពីអតិថិជនចំពោះដំណោះស្រាយដ៏មានភាពច្នៃប្រឌិតនេះ ដែលជួយឱ្យពួកគាត់អាចសម្រេចគោលដៅហិរញ្ញវត្ថុរយៈពេលវែង។

ដំណោះស្រាយដ៏មានភាពច្នៃប្រឌិតទាំងនេះឆ្លុះបញ្ចាំងពីបេសកកម្មនៃការប្រឹងប្រែងឥតងាករេរបស់ធនាគារ វីង ក្នុងការលើកកម្ពស់ ក៏ដូចជាសិទ្ធអំណាចនៃការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ននៅទូទាំងសហគមន៍ក្នុងប្រទេសកម្ពុជា។ ការទទួលស្គាល់ពីទស្សនាវដ្តី Global Brand បានគូសបញ្ជាក់ថា នៅពេលដែលបច្ចេកវិទ្យាត្រូវបានប្រើប្រាស់ចំគោលដៅ នោះប្រាកដណាស់នឹងអាចលើកកម្ពស់ជីវភាពរស់នៅ ហើយសហគមន៍រីកចម្រើនកាន់តែប្រសើរ៕