(ភ្នំពេញ)៖ សហព័ន្ធកីឡាចំបាប់កម្ពុជា មានផែនការសំខាន់ៗជាច្រើនត្រូវធ្វើក្នុងអាណត្តិថ្មី ឆ្នាំ២០២៥-២០២៩ ពិសេសការងារបណ្ដុះបណ្ដាល និងការអភិវឌ្ឍន៍បច្ចេកទេស ដែលសហព័ន្ធត្រូវធ្វើចាំបាច់ ដើម្បីជំរុញការអភិវឌ្ឍ ក្នុងនោះកីឡាចំបាប់បុរាណ ក៏នឹងត្រូវធ្វើការពង្រឹងឡើងវិញផងដែរ។

នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន ក្រោយបិទបញ្ចប់មហាសន្និបាតអាណត្តិទី៧ ឆ្នាំ២០២១-២០២៥ និងបន្ដអាណត្តិថ្មី ឆ្នាំ២០២៥-២០២៩ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ខណៈលោកបានជាប់ឆ្នោត បន្ដធ្វើជាប្រធានសហព័ន្ធដដែល។

ឆ្លៀតឱកាសនោះ លោកបានស្ងើចសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសាមគ្គីភាពផ្ទៃក្នុងក្នុងអាណត្តិចាស់កន្លងមក ដោយមានការចូលរួមពីចាស់ព្រឹទ្ធាចារ្យ សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ គ្រូបង្វឹក ក្លិប និងកីឡាករ-កីឡាការិនីទាំងអស់ ដែលជំរុញឲ្យការអភិវឌ្ឍ និងទទួលបានលទ្ធផលដ៏ល្អប្រសើរពីការប្រកួតអន្ដរជាតិនានា។

បែបនេះក្ដី សហព័ន្ធនៅមានការងារជាច្រើនទៀត ដែលត្រូវធ្វើក្នុងអាណត្តិថ្មី ដើម្បីធានានិរន្ដរភាពនៃការអភិវឌ្ឍ និងត្រៀមការប្រកួតប្រជែងគ្រប់កម្រិត ក្នុងនោះលោកបានសង្កត់ធ្ងន់លើការងារសំខាន់ ២ចំណុច ដែលគ្រប់ភាគីពាក់ព័ន្ធ ត្រូវបន្ដពួតដៃគ្នាពង្រឹង និងយកចិត្តទុកដាក់ក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាព រួមមាន៖

១. ការបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនី។ ការងារនេះ គ្រូបង្វឹក និងក្លិប ត្រូវយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ តាំងពីថ្នាល រហូតដល់ជម្រើសជាតិ ដោយឈរលើយុទ្ធសាស្ដ្រច្បាស់លាស់ ពិសេសកីឡាករទម្ងន់ធ្ងន់ និងកីឡាការិនី ដែលជាអាទិភាពក្នុងការប្រកួតប្រជែងលើឆាកអន្ដរជាតិ ពិសេសការប្រកួតកម្រិតតំបន់ ដែលពុំសូវមានកីឡាការិនី ក៏ដូចជាកីឡាករទម្ងន់ធ្ងន់នោះទេ។

២. ការអភិវឌ្ឍបច្ចេកទេស គឺជាការងារសំខាន់ ដែលត្រូវធ្វើការអភិវឌ្ឍ តាំងពីកម្រិតថ្នាល ក្លិប រហូតដល់ក្រុមជម្រើសជាតិ រួមទាំងការអភិវឌ្ឍមន្ដ្រីបច្ចេកទេស និងអាជ្ញាកណ្ដាល-ចៅក្រមជាដើម។ ពាក់ព័ន្ធការងារនេះ សហព័ន្ធអាណត្តិថ្មី បានជំរុញឲ្យបែងចែកគណៈកម្មការសំខាន់ៗចំនួន ៤ គឺមានគណៈគ្រប់គ្រងបច្ចេកទេស គណៈកម្មការគ្រប់គ្រងចំបាប់បុរាណ គណៈកម្មការគ្រប់គ្រងអាជ្ញាកណ្ដាលចៅក្រម និងគណៈកម្មការគ្រប់គ្រងផ្នែកដៃគូសហការឧបត្ថម្ភ និងរៀបចំព្រឹត្តិការណ៍ ដែលរៀបចំធ្វើឲ្យបាន។

ចំពោះគណៈកម្មការគ្រប់គ្រងចំបាប់បុរាណ លោក វ៉ាត់ ចំរើន បានរំលេចថា «យើងគិតរឿងចំបាប់បុរាណ មើលថែទាំងចំបាប់បុរាណតាមខេត្ត និងមូលដ្ឋានផ្សេងៗ ព្រោះឆ្នាំនេះ យើងបានទទួលការអនុញ្ញាតឲ្យបញ្ចូលការប្រកួតចំបាប់បុរាណ មួយប្រភេទទម្ងន់ ក្នុងការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្ដេចបវរធិតបី ។ អ៊ីចឹងត្រូវបំផុសតាមខេត្តឲ្យហ្វឹកហាត់ឡើងវិញ ។ ដូច្នេះរៀងរាល់ឆ្នាំ យើងមានការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណមួយហើយ។ ការប្រកួតនេះ ខាងយើងចូលរួមច្រើន ទាំងអាជ្ញាកណ្ដាល-ចៅក្រម និងកីឡាករ-កីឡាការិនីជាដើម ។ ហេតុនេះ យើងត្រូវរួមគ្នាធ្វើ ដើម្បីអភិវឌ្ឍន៍ចំបាប់បុរាណយើង»

សូមបញ្ជាក់ថា សម្រាប់អាណត្តិទី៨ របស់សហព័ន្ធកីឡាចំបាប់កម្ពុជា គឺមានសមាជិកគណៈកម្មាធិការប្រតិបត្តិសរុប ១៣នាក់ ក្នុងនោះក្រៅពីមានលោក វ៉ាត់ ចំរើន ជាប្រធាន គឺមានលោក សំ សោភាន់, លោក ខេស៊ី បាណេត, លោក ហុក ឈាងគីម និងលោក ស៊ឹម ទូច ជាអនុប្រធាន, កញ្ញា កាង ណុចបវរ ជាអគ្គលេខាធិការ, លោក អន សុវឌ្ឍីយ៉ា ជាអគ្គហិរញ្ញិក រួមជាមួយសមាជិក ៦រូបផងដែរ៕