(ភ្នំពេញ)៖ ក្រុមកីឡាជឺជីតស៊ូជម្រើសជាតិកម្ពុជា បានឈ្នះមេដាយចំនួន ៨គ្រឿង សម្រាប់ថ្ងៃដំបូង នៃយុទ្ធនាការប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី៩ (9th Asian Ju-Jitsu Championship) ឆ្នាំ២០២៥ នៅទីក្រុង Amman ប្រទេសហ្សកដានី កាលពីថ្ងៃទី២៣ ខែឧសភាម្សិលមិញ។
សម្រាប់សមិទ្ធផលថ្ងៃដំបូង នៃការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីខាងលើ រួមមានមេដាយប្រាក់ ៦គ្រឿង និងមេដាយសំរឹទ្ធ ២គ្រឿង ។ នេះបើតាមការជូនដំណឹងរបស់សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ហើយសហព័ន្ធបានអំពាវនាវឲ្យបន្ដការលើកទឹកចិត្តដល់អត្តពលិករបស់ខ្លួន ដើម្បីបន្ដការខំប្រឹងដណ្ដើមមេដាយជូនជាតិបន្ថែមទៀត ។
គួរដឹងថា ព្រឹត្តិការណ៍ Asian Ju-Jitsu Championship ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅពីថ្ងៃទី២២-២៦ ខែឧសភា ដោយកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី ៦រូបចូលរួម គឺមានកីឡាករ មឿនលឹម សុបញ្ញា, គង់ម៉ូណា មិថុរ៉ា និង ទូច ពីរកក្កដា រួមជាមួយកីឡាការិនី ទីន សុវណ្ណបួរកែវ, ហេង ស៊ីវហ៊ាង និង គង់ម៉ូណា ជេសស៊ីកា។
លោក ថោង បញ្ញាធន ប្រធានស្ដីទីសហព័ន្ធ បានលើកឡើងថា «ការប្រកួតនេះ មានសារៈសំខាន់ខ្លាំងណាស់ ព្រោះជាជើងឯកប្រចាំទ្វីបអាស៊ី ហើយក៏ជាព្រឹត្តិការណ៍មួយ ដែលសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាតែងចូលរួមរៀងរាល់ឆ្នាំ បន្ទាប់ពី World Championship មក គឺ Asian Championship នេះហើយ ដែលយើងអាចវាស់ស្ទង់សមត្ថភាព រវាងសមាជិកក្រុមជម្រើសជាតិជឺជីតស៊ូទ្វីបអាស៊ី ។ ដោយសារយើងតែងមានវត្តមានរៀងរាល់ឆ្នាំ គេបានទទួលស្គាល់ជឺជីតស៊ូកម្ពុជា ជាសហព័ន្ធមួយ ដែលមានស្នាដៃ ដែលអាចដណ្ដើមបានជ័យលាភី និងបញ្ចប់ការប្រកួតក្នុងលទ្ធផលល្អប្រសើរ»។
សូមរំឮកថា កាលពីឆ្នាំ២០២៤ កន្លងទៅ ក្រុមកីឡាជឺជីតស៊ូជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធ ៥គ្រឿង ក្នុងព្រឹត្តិការណ៍ប្រចាំទ្វីបអាស៊ីនេះ ក្នុងចំណោមអត្តពលិក ១,៥០០នាក់ មកពី ៣១ប្រទេស ដែលបានធ្វើការប្រកួតនៅប្រទេសអារ៉ាប់រួម។ ដូច្នេះតាមរយៈលទ្ធផលបណ្ដោះអាសន្នខាងលើ ក្រុមកីឡាជឺជីតស៊ូកម្ពុជា បានបំបែកកំណត់ត្រាមេដាយឆ្នាំចាស់ហើយ ដែលដណ្ដើមបានមេដាយសរុប ៨គ្រឿង (ប្រាក់ ៦ និងសំរឹទ្ធ ២) នៅពេលនេះ៕