(ភ្នំពេញ)៖ ក្រោយដំណើរការប្រកួតអស់រយៈពេលជិត ៣ខែ ការប្រកួតពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” លើកទី១០ ឆ្នាំ២០២៥ បានរកឃើញក្រុមជើងឯកហើយ គឺក្រុមបាល់ទាត់ក្រសួងមហាផ្ទៃ បន្ទាប់ពីយកឈ្នះក្រុមក្រសួងការពារជាតិ ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៤-៣ បន្ទាប់ពីប្រកួតរយៈពេល ៩០នាទីស្មើគ្នា ១-១ នៅកីឡដ្ឋានស្ដាតចាស់ កាលពីល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥។
ពិធីបិទការប្រកួតព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ធ្វើឡើងក្រោមវត្តមានលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) បន្ទាប់ពីបានប្រព្រឹត្តិទៅដោយរលូន និងជោគជ័យគួរជាទីមោទនៈ តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អ និងជិតស្និទ្ធបំផុត រវាងគណៈកម្មការរៀបចំការប្រកួតយុវជននៅតាមក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់កម្មវិធី និងការគាំទ្រយ៉ាងផុសផុលដល់កីឡាករក្នុងការប្រកួតនេះ។
សម្រាប់ជំនួបវគ្គផ្ដាច់ព្រ័ត្រខាងលើ ពិតជាមានភាពស្វិតស្វាញខ្លាំង បន្ទាប់ពីកីឡាករ យ៉ែម ភក្ដ្រា រកបានគ្រាប់នាំមុខឲ្យក្រុមម្ចាស់ទឹកដីក្រសួងការពារជាតិ នៅនាទីទី៨ ប្រមាណ ៤នាទីក្រោយមកកីឡាករ ញឹម វ៉ាឃីម ក៏រកបានគ្រាប់តាមស្មើឲ្យក្រុមក្រសួងមហាផ្ទៃ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង និងម៉ោងបន្ថែម ១០នាទី ២ដង ហើយឈានដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ទើបក្រសួងមហាផ្ទៃ បានយកឈ្នះក្រសួងការពារជាតិ ៤-៣ ដើម្បីក្លាយជាជើងឯកពានរង្វាន់មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន ឆ្នាំនេះតែម្ដង។
ថ្លែងក្នុងពិធីបិទការប្រកួតនោះដែរ ក្រៅពីស្ដាប់នូវរបាយការណ៍របស់គណៈកម្មការរៀបចំការប្រកួត លោក ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការកីឡាបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន ក្រុមការងារ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់រៀបចំ សម្របសម្រួលការប្រកួត ព្រមទាំងផ្ដល់កិច្ចសហការគាំទ្រយ៉ាងជិតស្និទ្ធ រហូតមកដល់វគ្គផ្ដាច់ព្រ័ត្រ។
បន្ថែមលើនេះ លោកបានគូសបញ្ជាក់ថា កីឡាតែងមានឈ្នះ និងចាញ់ តែអ្វីដែលផ្ដោតសំខាន់ សម្រាប់ពានរង្វាន់មួយនេះ គឺការរឹតចំណងមិត្តភាព សាមគ្គីភាព ណិងទំនាក់ទំនងល្អ ។ លោកបានសង្កត់ធ្ងន់ថា «សូមកុំភ្លេចថា ពានរង្វាន់នេះសុទ្ធតែជាចំណែករបស់យើងទាំងអស់គ្នាស្មើៗគ្នា។ កីឡាករគ្រប់រូប សុទ្ធតែបានទទួលបាននូវសមិទ្ធិផលសម្រាប់ខ្លួនឯង នោះគឺសាមគ្គីភាព និងមិត្តភាពរវាងគ្នា និងគ្នា ដែលជាមូលដ្ឋានសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសង្គមកម្ពុជានាពេលអនាគត»។
គួរដឹងថា ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» គឺជាគំនិតផ្ដួចផ្ដើមរបស់លោកឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ក្នុងគោលបំណងបង្កើនស្មារតីសាមគ្គីភាព មិត្តភាព និងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសបំផុសស្មារតីមន្ត្រីរាជការមកពីអង្គភាព/ស្ថាប័នខុសៗគ្នា និងវិជ្ជាជីវៈផ្សេងៗគ្នា ឲ្យស្រលាញ់ ចូលចិត្តលេងកីឡា ដើម្បីសុខភាព ស្របតាមពាក្យស្លោក «កីឡាសាងមនុស្ស ហើយមនុស្សសាងសង្គម» ដែលជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕