(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានបង្ហាញការគាំទ្រពេញទំហឹង ចំពោះការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងកាត់វាល Paddy Field Trail Running 2025 នៅវត្តភ្នំរាប ដែលជាការជំរុញ និងផ្សព្វផ្សាយពីតំបន់រមនីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ដ្រ និងធម្មជាតិដ៏មានសក្ដានុពល លើទឹកដីខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញនេះ។

ការលើកឡើងនេះ ស្របពេលក្រសួងទេសចរណ៍ និងរដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត និងគណៈកម្មការរៀបចំកម្មវិធី Paddy Field Trail 2025 បានរៀបចំព្រឹត្តិការត់ប្រណាំងកាត់វាលលើកដំបូង នៅបរិវេណវត្តភ្នំរាប ខណ្ឌព្រែកព្នៅ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នេះ ដោយមានអត្តពលិកជាតិ-អន្ដរជាតិប្រមាណ ៥០០នាក់ មកពី ១៩ប្រទេសចូលរួម។

លោករដ្ឋមន្ដ្រី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយក្រៃលែង ចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជននានា ដែលរួមគ្នាក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើង ដែលជាការចូលរួមចំណែកក្នុងការផ្សព្វផ្សាយតំបន់ដ៏មានសក្ដានុពលរបស់កម្ពុជា ក៏ដូចជារាជធានីភ្នំពេញ ដើម្បីជំរុញឲ្យភ្ញៀវទេសចរណ៍ជាតិ-អន្ដរជាតិ បានស្គាល់ពីតំបន់រមនីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ដ្រ និងធម្មជាតិដ៏ទាក់ទាញ និងគួរជាទីទស្សនាកម្សាន្ដនេះ។

លោកបន្ដថា ព្រឹត្តិការណ៍កីឡា មិនត្រឹមតែលើកកម្ពស់សុខុមាលភាពអ្នករត់ប៉ុណ្ណោះទេ តែការជួបជុំគ្នាលេងកីឡានេះ បានបង្ហាញអំពីកត្ដាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រជាពលរដ្ឋខ្មែរ និងមិត្ដភ័ក្ដ្របរទេស ជាក់ស្ដែងព្រឹត្តិការណ៍មានជនបរទេសជាច្រើនចូលរួម ដូចជាបារាំង ប៊ែលហ្ស៊ិក អូស្ដ្រាលី នូវែលហ្សេឡង់ និងអាមេរិកជាដើម ដែលបានចូលរួមរត់កម្សាន្ដ និងសប្បាយរីករាយ ក្រោមម្លប់សន្ដិភាព។

លោកបន្ថែមថា «នេះបង្ហាញឲ្យឃើញអំពីស្មារតីនៃការគាំទ្រកីឡា គាំទ្រទេសចរណ៍កម្ពុជា ស្របតាមពាក្យស្លោក “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន និងពាក្យស្លោក “ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព” ដែលដាក់ចេញដោយសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី និង “បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់” របស់មហាគ្រួសារវិស័យទេសចរណ៍កម្ពុជា ។ អ្វីដែលសំខាន់បំផុត ដែលយើងអាចរៀបចំព្រឹត្តិការណ៍នេះបាន គឺយើងទាំងអស់គ្នាបាននឹងកំពុងរស់នៅក្នុងប្រទេស ដែលមានសុខសន្ដិភាព មានស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ» ។

តាមរយៈនេះ លោករដ្ឋមន្ដ្រី ហួត ហាក់ បានជំរុញ និងលើកទឹកចិត្តការរៀបចំឲ្យមានព្រឹត្តិការណ៍បែបនេះកាន់តែច្រើន ដើម្បីជួយជំរុញភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ឲ្យបានធ្វើដំណើរទស្សនានៅគ្រប់ទិសទីនៅកម្ពុជាឲ្យបានកាន់តែច្រើនឡើងៗថែមទៀត ពិសេសគឺការរួមគ្នាដើម្បីផ្សព្វផ្សាយរដូវកាលបៃតង់នេះតែម្ដង។

ជាមួយគ្នា លោក ចេង ចាន់តារា អ្នកគ្រប់គ្រងបច្ចេកទេសរៀបចំកម្មវិធី Paddy Field Trail 2025 បានសម្ដែងមោទនភាពជាខ្លាំង ចំពោះភាពជោគជ័យលើការរំពឹងទុក សម្រាប់ការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងកាត់វាលលើកដំបូងនេះ ។ លោកបង្ហើបថា ព្រឹត្តិការណ៍នេះ លោកប៉ងចង់រៀបចំជិត ២០ឆ្នាំមកហើយ តាំងពីលោកនៅជាកីឡាករ ទើបតែពេលនេះ មានក្រុមការងារ និងទទួលបានការគាំទ្រពីអាជ្ញាធរ ទើបក្រុមការងារលោកសម្រេចរៀបចំតែម្ដង ដើម្បីបំផុសកម្មភាពកីឡាផង និងលើកស្ទួយវិស័យទេសចរណ៍ផង។

លោកបន្ដថា «ខ្ញុំមិននឹកស្មានថា ការរៀបចំលើកដំបូងនេះ ទទួលបានការគាំទ្រ និងមានការពេញចិត្តខ្លាំងពីសំណាក់អ្នកចូលរួម ទាំងខ្មែរ និងបរទេសបែបនេះឡើយ។ ខ្ញុំសូមអរគុណ ចំពោះការគាំទ្រព្រឹត្តិការណ៍ Paddy Field Trail Running 2025 នេះ ហើយយើងសង្ឃឹមថា យើងនឹងអាចបង្កើតព្រឹត្តិការណ៍ឲ្យបានច្រើនតាមសំណូមពរកីឡាករ-កីឡាការិនី តែការរៀបចំទៅបាន ក៏អាស្រ័យមានកិច្ចសហការពីអាជ្ញាធរ និងការឧបត្ថម្ភគាំទ្រពីវិស័យឯកជនដែរ ទើបអាចជំរុញឲ្យព្រឹត្តិការណ៍នីមួយៗទទួលបានជោគជ័យ»។

គួរដឹងថា ព្រឹត្តិការណ៍រត់ប្រណាំងកាត់វាល Paddy Field Trail Running 2025 នៅវត្តភ្នំរាបខាងលើ គឺមាន ៣វិញ្ញាសា រួមមានរត់ចម្ងាយ ២៥គីឡូម៉ែត្រ, ១២គីឡូម៉ែត្រ និង ៥គីឡូម៉ែត្រ ដែលធ្វើឡើងក្នុងគោលបំណងជំរុញកំណើនទេសចរ ផ្សព្វផ្សាយសកម្មភាពទេសចរណ៍ក្នុងសហគមន៍ តាមរយៈការរត់កាត់វាល នារដូវបៃតង នៅតំបន់គោលដៅទេសចរណ៍វត្តភ្នំរាប និងតំបន់គោលដៅទេសចរណ៍រាជធានីភ្នំពេញ ក៏ដូចជាការចូលរួមលើកស្ទួយសកម្មភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋានផ្ទាល់ផងដែរ៕