(ភ្នំពេញ)៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានគ្រងជើងឯកពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ (ថ្នាក់ជាតិ) បន្ទាប់ពីយកឈ្នះក្រុមជើងឯកឆ្នាំចាស់ ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ២-១ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រមុននេះបន្ដិច នៅពហុកីឡដ្ឋានជាតិមរកតេជោ។

ជំនួបដ៏តានតឹងនេះ ភ្នំពេញក្រោន បាននាំមុខក្រុមការពារតំណែងជើងឯក ១គ្រាប់មុន តាមរយៈការទាត់បាល់ពីចម្ងាយរបស់ ឡុង ភារ៉ាត់ នៅនាទី២៤ មុនកីឡាករ ញាណ សុស៊ីដាន រកបានគ្រាប់តាមស្មើឲ្យព្រះខ័នរាជស្វាយរៀង នៅនាទី៦២ ។ បន្ទាប់មកការប្រកួតកាន់តែជក់ចិត្ត រហូតដល់នាទី៧៨ Andres Neito ក៏រកបានគ្រាប់នាំមុខឲ្យភ្នំពេញក្រោនជាថ្មី ហើយក៏ជាគ្រាប់បាល់ជ័យជម្នះផងដែរ។

ជ័យជម្នះនេះ បានធ្វើឲ្យក្រុមសិង្ហក្រហមភ្នំពេញក្រោន ក្លាយជាជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២៥ ហើយក៏ជាលើកដំបូង ក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយ ដែលពួកគេខកខានលើកពាននេះ បន្ទាប់ពីគ្រងជើងឯក ២សម័យជាប់គ្នា កាលពីឆ្នាំ២០០៨ និងឆ្នាំ២០០៩ កន្លងទៅ៕