(ប៊ែលហ្ស៊ិក)៖ ពិតជាអស្ចារ្យ ដំណើរផ្សងព្រេងឆ្លងកាត់ព្យុះភ្លៀងរយៈពេល ៩០ឆ្នាំ ពេលនេះក្រុម Union SG បានសម្រេចក្តីស្រមៃដណ្តើមបានពានរង្វាន់លីគបាល់ទាត់ប៊ែលហ្ស៊ិក Belgian Pro League 2024-25 ជាថ្មីម្តងទៀត ក្រោមការដឹកនាំដោយលោក Sebastien Pocognoli ដែលជាអតីតកីឡាកររបស់ក្លិបនេះជួយក្រុមស្គាល់ការលើកពានលីគជាលើកទី១២ ។

មុនឈានមកសម្រេចក្តីស្រមៃជាថ្មីម្តងទៀតនេះ ក្រុម Union SG បានលើកពានលីគប៊ែលហ្ស៊ិកចុងក្រោយតាំងពីរដូវកាល១៩៣៤-៣៥ នឹងជាក្រុមកំពូលប្រចាំលីគដែលធ្លាប់ទទួលបានសញ្ញាផ្កាយមាសនាមជើងឯករដូវកាល១៩៣៣-៣៤ ដែលលេងមិនចាញ់គ្រប់ការប្រកួត ក្នុងជំនាន់លីគឈ្មោះ Belgian First Division ។

តាមរយៈពេលលទ្ធផលនេះ ក្រុម Union SG មានកៅអីដោយស្វ័យប្រវត្តិលេងពានលីគអឺរ៉ុប UEFA Champions League រដូវកាលក្រោយវគ្គ (Play-off) ខណៈការឈ្នះពានរដូវកាលនេះពួកគេរកបាន ៥៦ពិន្ទុ ហើយក្នុងការងារគ្រូបង្វឹកក្រុមធំនេះលោក Sebastien Pocognoli ក៏បានជួយក្រុមឈ្នះ Belgian Super Cup 2024 ផងដែរ ៕