(បរទេស)៖ ក្នុងបរិបទដែលមានភាពតានតឹងផ្នែកពាណិជ្ជកម្ម ក្រោមរដ្ឋបាលលោក Donald Trump ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកជាច្រើនបានចាប់ផ្ដើមប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីជួយឲ្យពួកគេអាចប្រើប្រាស់ទិន្នន័យឲ្យបានកាន់តែប្រសើរនិងកែសម្រួលដំណើរការផ្គត់ផ្គង់ទំនិញក្នុងស្ថានភាពពន្ធគយថ្មីៗ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។
AI ត្រូវបានគេចាត់ទុកថាជាឧបករណ៍យុទ្ធសាស្រ្តដ៏សំខាន់ ព្រោះពេលនេះមានក្រុមហ៊ុនជាច្រើនបានប្រើ AI ដើម្បីវិភាគពន្ធនាំចេញដ៏ស្មុគស្មាញ ក្នុងនោះគេប្រើ AI ដើម្បីអានឯកសារពន្ធដូចជា «Harmonized Tariff Schedule» ដែលមានជាង ៤,៤០០ទំព័រ និងកំណត់តម្លៃពន្ធទៅលើផលិតផលនានា។ មួយវិញទៀត គឺការបើកដំណើរការផ្គត់ផ្គង់ថ្មីៗ ព្រោះ AI អាចបង្កើតគំរូព្យាករណ៍ (simulation) ដើម្បីជួយក្នុងការរកផ្លូវផ្គត់ផ្គង់ថ្មីៗ ឬបន្ថយចំណាយពីពន្ធនាំចេញ។ ជួយការសម្រេចចិត្ត ព្រោះការវិភាគដោយ AI អាចជួយដំណោះស្រាយបញ្ហាសំខាន់ៗទាក់ទងនឹងការជ្រើសរើសប្រភពផ្គត់ផ្គង់ កន្លែងផលិត និងការចែកចាយ។
ជាឧទាហរណ៍ក្រុមហ៊ុនដែលកំពុងប្រើ AI លើហេុតផងខាងលើរួមមាន
• Salesforce៖ បង្កើត «AI agent» សមត្ថភាពអានឯកសារពន្ធជាច្រើនពាន់ទំព័រ ដើម្បីជួយអាជីវកម្មស្វែងរកអត្រាពន្ធនៃផលិតផលនីមួយៗ។
• Nvidia៖ ប្រកាសវិនិយោគរហូតដល់ ៥០០ពាន់លានដុល្លារ ដើម្បីកសាងសេដ្ឋកិច្ច AI និងផលិតបន្ទះឈីបនៅក្នុងអាមេរិក ដោយសហការជាមួយក្រុមហ៊ុន TSMC និង Foxconn។
• Apple៖ ដើម្បីជៀសវាងពន្ធ ២៥% លើ iPhone ដែលនាំចេញពីចិន Apple កំពុងផ្លាស់ទីផលិតកម្មទៅប្រទេសដូចជា ឥណ្ឌា និងវៀតណាម។
គួរជម្រាបថា ការអនុវត្ត AI ដើម្បីគេញចេញពីផលប៉ះពាល់ផ្នែកពន្ធនាំចេញ មិនត្រឹមជួយកាត់បន្ថយផលប៉ះពាល់ភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែរួមចំណែកក្នុងការកសាងសមត្ថភាពធន់នឹងអនាគតផងដែរ។ ក្រុមហ៊ុនអាចអនុវត្តការផ្លាស់ប្តូរប្រព័ន្ធបានយ៉ាងរហ័ស និងយកឈ្នះការផ្លាស់ប្តូរនយោបាយពាណិជ្ជកម្មជាបន្តបន្ទាប់៕