(ម៉ាឌ្រីដ)៖ ក្លិប Real Madrid បានសម្រេចតែងតាំងអតីតខ្សែបម្រើរបស់ពួកគេគឺលោក Xabi Alonso ជាអ្នកចាត់ការទូទៅដែលមានកិច្ចសន្យា ៣ឆ្នាំ ដើម្បីជំនួសកៅអីគ្រូបង្វឹកចាស់លោក Carlo Ancolotti ដែលបានលាឈប់។

បុរសសញ្ជាតិអេស្ប៉ាញនេះ បានរួមចំណែកជួយអធិរាជស Real Madrid ដណ្តើមបានជើងឯកពានធំប្រចាំទ្វីបអឺរ៉ុប UEFA Champions League កាលឆ្នាំ២០១៤ តាមរយៈចូលលេងសរុបបាន ២៣៦ប្រកួតផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

អតីតខ្សែបម្រើដែលធ្លាប់លេងឱ្យហង្សក្រហម Liverpool និងជម្រើសជាតិអេស្ប៉ាញ Alonso បានចុះហត្ថលេខាដឹកនាំ Real Madrid ដែលមានសុពលភាពកិច្ចសន្យាដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៨។

ស្នាដែដ៏ធំធេងរបស់លោក Alonso តាមរយៈដឹកក្លិបអាល្លឺម៉ង់ Bayer Leverkusen ឈ្នះជើងឯកលីគ Bundesliga ក្រោយលេងមិនចាញ់ឡើយនារដូវកាលឆ្នាំ២០២៤-២៤ និងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ តាមពីក្រោយក្រុមជើងឯករដូវកាលនេះ Bayern Munich ក្នុងរដូវកាលទី២ របស់លោក មុនពេលចាកចេញ៕