(ភ្នំពេញ)៖ កីឡាករ-កីឡាការិនីវ័យក្មេងប្រមាណ ១៣១នាក់ បានចូលរួមការប្រកួតកីឡាតេក្វាន់ដូជ្រើសរើសជើងឯកកុមារ ដើម្បីអបអរសាទរខួបលើកទី៧៦ នៃទិវាកុមារអន្ដរជាតិ ១មិថុនា ឆ្នាំ២០២៥ នៅសមាគមកីឡាតេក្វាន់ដូរាជធានីភ្នំពេញ ស្ថិតក្នុងវិទ្យាល័យបឹងត្របែក ។ ការប្រកួតនេះ ធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត ជ័យ ចាប ទេសរដ្ឋមន្ត្រី ទីប្រឹក្សាក្រសួងព្រះបរមរាជវាំង និងជាប្រធានសមាគមតេក្វាន់ដូរាជធានីភ្នំពេញ។
លោកបណ្ឌិតបានគូសបញ្ជាក់ថា នេះគឺព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់កុមារ យុវជន និងសង្គមជាតិហើយលោកបានស្នើសុំឲ្យមានការគាំទ្រសកម្មភាពនេះបន្ដមានជានិរន្តរៀងរាល់ឆ្នាំ។ ក្នុងមនាមប្រធានសមាគមតេក្វាន់ដូរាជធានីភ្នំពេញ លោកក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានសហការយ៉ាងជិតស្និត ក្នុងការរៀបចំការប្រកួតកីឡាតេក្វាន់ដូជើងឯកកុមារនេះឲ្យទទួលបានជោគជ័យគួរជាទីមោទនៈ។
លោកបណ្ឌិត ជ័យ ចាប បន្ដថា «ដើម្បីសម្រេចនូវក្តីប្រាថ្នាក្នុងការប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា គឺការអភិវឌ្ឍមូលធនមនុស្ស ជាកត្តាដែលចាំបាច់បំផុត ពិសេសកុមារ ដែលជាទំពាំស្នងឫស្សី ។ ដូចនេះត្រូវឲ្យកុមារលេងកីឡាមួយប្រភេទប្រចាំជីវិត និងចូលរួមការប្រកួតនានា ដើម្បីបញ្ចេញសមត្ថភាព ពង្រឹងសាមគ្គីភាព ឥរិយាបថផ្ទាល់ខ្លួន សិស្សល្អ មិត្តល្អ កូនល្អ»។
លោក សំ សុខយី អគ្គលេខាធិការសមាគមកីឡាតេក្វាន់ដូរាជធានីភ្នំពេញ បានបញ្ជាក់ថា ការប្រកួតនេះ រៀបចំឡើងស្របតាមផែនការប្រចាំឆ្នាំរបស់សមាគម ដើម្បីអបអរសាទរខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០២៥ នេះ ដោយឆ្នាំនេះ មាន ៧ក្លិបបានចុះឈ្មោះកីឡាករ-កីឡាការិនីចូលរួមសរុប ១៣១នាក់ ដែលប្រកួតលើ ២៨វិញ្ញាសា ។ ជាលទ្ធផល គឺក្លិបវិទ្យាល័យបឹងត្របែក ដណ្ដើមបានមេដាយច្រើនជាងគេសរុប ៤៤គ្រឿង (មាស១៦ ប្រាក់១៤ សំរឹទ្ធ១៤) គ្រាដែលវិទ្យាល័យហ៊ុនសែនចាក់អង្រែ ឈរលេខ២ ឈ្នះមេដាយសរុប ២០គ្រឿង (មាស៤ ប្រាក់៩ សំរឹទ្ធ ៧) និងសមាគមតេក្វាន់ដូខេត្តសៀមរាប ឈរលេខ៣ ឈ្នះមេដាយសរុប ៧គ្រឿង (មាស៤ ប្រាក់២ សំរឹទ្ធ១)៕