(បរទេស)៖ ភាគហ៊ុនក្រុមហ៊ុនផ្គត់ផ្គង់របស់ Apple ដែលបានចុះបញ្ជីនៅប្រទេសចិនធំៗ រួមមាន Luxshare, Goertek និង Lens Tech បានធ្លាក់ចុះយ៉ាងខ្លាំងនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងការដាក់ពន្ធ ២៥% លើ iPhone នាំចូលដែលលក់នៅសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។
ការគម្រាមកំហែងពន្ធគយនេះ ត្រូវបានប្រកាសនៅថ្ងៃសុក្រសប្តាហ៍មុន ដែលបណ្តាលឱ្យមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៃតម្លៃភាគហ៊ុនរបស់អ្នកផ្គត់ផ្គង់ Apple នៅថ្ងៃចន្ទនេះ ដោយក្នុងនោះ Luxshare បានធ្លាក់ចុះ ២.២%, Lens Tech ធា្លក់ចុះ ១.៨% និង Goertek ធា្លក់ចុះ ១.១%។ ទន្ទឹមនឹងការធ្លាក់ចុះភាគហ៊ុន សេចក្តីប្រកាសនេះក៏បានបង្កឱ្យមានភាពច្របូកច្របល់ទីផ្សារយ៉ាងខ្លាំង ខណៈអាចធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនកាន់តែតានតឹងខ្លាំងឡើង និងរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាសកល ជាពិសេសប៉ះពាល់ដល់ក្រុមហ៊ុនដែលពឹងផ្អែកលើការផលិតរបស់ចិនសម្រាប់ iPhone ។
គួរជម្រាបថា ការព្រមានរបស់លោក Trump ក៏បានសង្កត់ធ្ងន់ថា ប្រសិនបើ Apple មិនផលិត និងដំឡើង iPhone ក្នុងស្រុកនៅក្នុងសហរដ្ឋអាមេរិកនោះទេ ក្រុមហ៊ុននឹងប្រឈមមុខនឹងពន្ធគយទាំងនេះ ដោយបន្ថែមសម្ពាធលើ Apple ឱ្យពន្លឿនផែនការរបស់ខ្លួនសម្រាប់ផលិតកម្មក្នុងស្រុក ឬធ្វើនាំយកការផលិតរបស់ខ្លួនទៅកាន់ប្រទេសផ្សេងទៀតដូចជា ប្រទេសឥណ្ឌា៕