(ភ្នំពេញ)៖ ក្នុងពិធីពិសារអាហារសាមគ្គី និងរៃអង្គាសថវិការបស់សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា (CWF) សហការជាមួយសមាគមសេចក្តីសង្ឃឹមនៃកម្ពុជា និងគណៈកម្មការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដោយមានការចូលរួម លោក លោកស្រី ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងក្រសួង និងស្ថាប័ន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ តំណាងអង្គការនិងដៃគូរអភិវឌ្ឍន៍ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ ក្នុងនាមសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា បានសំដែងនូវសេចក្តីអបអរសាទរយ៉ាងក្រៃលែង ក្នុងពិធីពិសារអាហារសាមគ្គី និងរៃអង្គាសថវិកាសម្រាប់គាំទ្ររបស់សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា ។

អ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា (CWF) ក៏បានមានប្រសាសន៍ថា ៖ ដើម្បីឱ្យសង្គមមួយមានការចូលរួមប្រកបដោយសមភាព តាមរយៈការលើកកម្ពស់ការចូលរួមរបស់ជនមានពិការភាពក្នុងជីវភាពសាធារណៈ ជីវភាពនយោបាយ សកម្មភាពសង្គម វប្បធម៌ សិល្បៈ សាសនា កីឡា ការសម្រាកលម្អែ និងសកម្មភាពផ្សេងៗទៀត ចាំបាច់ត្រូវមានការបង្កើតឱកាសស្មើគ្នារវាងជនមានពិការភាពនិងមិនមានពិការភាព។

ជាមួយនេះដែរការលើកកម្ពស់ផ្តល់សេវាយុត្តិធម៌ជូនជនពិការភាព ការធានាសមភាពយេនឌ័រ ភាពអង់អាចរបស់ស្រ្តីមានពិការភាពនិងក្មេងស្រីមានពិការភាពចាំបាច់ទាមទារឱ្យមានការចូលរួមពីគ្រប់ដៃគូពាក់ព័ន្ធទាំងអស់។ ក្នុងនាមសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា សូមវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរមូលដ្ឋាន ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន និងក្រុមគ្រួសារជនមានពិការភាព ដែលបានយកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា និងធនធានប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមចំណែកលើកកម្ពស់សុខុមាលភាពដល់ជនមានពិការភាព ដើម្បីទទួលបានសិទ្ធិពេញលេញក្នុងការរស់នៅ និងចូលរួមគ្រប់សកម្មភាពសង្គម ជាក់ស្តែងដូចជាការចូលរួមប្រកួតជាអន្តរជាតិរបស់អត្តពលិកយើងនាពេលកន្លងមកនេះជាដើម ។

ឆ្លៀតក្នុងឱកាសដ៏មានតម្លៃនេះសូមសំដែងនូវគាវរភក្តីនិងកត្តញ្ញូតាធម៌ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខកូនចៅមានពិការភាពរបស់ព្រះអង្គ និងបានប្រោសប្រទានព្រះរាជអំណោយដ៏វិសេសវិសាលថ្លៃថ្លាដល់សហព័ន្ធកីឡាបាល់បោះរទេះកម្ពុជា ។

ទន្ទឹមនឹងនេះក៏សូមគោរពថ្លែងអំណរគុណជូនចំពោះសប្បុរសជនជាតិ-អន្តរជាតិ ក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន ដែលបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ទាំងស្មារតី សម្ភារ និងធនធានជូនសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា ទើបសហព័ន្ធ អាចដំណើរការទៅបានរហូតដល់ពេលនេះ និងបានផ្តល់ឱកាសឱ្យអត្តពលិកយើងចូលរួមប្រកួតកីឡាតំណាងជាតិនៅលើឆាកអន្តរជាតិ ហើយទទួលបាននូវការកោតសរសើរជាមួយនឹងការទទួលបាននូវមេដាយ និងមេដាយប្រាក់ជូនជាតិមាតុភូមិកម្ពុជាយើង។

ដូច្នេះសង្ឃឹមថា ការចូលរួមចំណែកជាសម្ភារ និងថវិកាសប្បុរសជនជាតិ-អន្តរជាតិ នាពេលនេះនឹងបានក្លាយជាចំណែកមួយយ៉ាងសំខាន់ និងមិនអាចខ្វះបានក្នុងគាំទ្រ និងជម្រុញលើកទឹកចិត្តដល់អត្តពលិករបស់សហព័ន្ធដែលកំពុងខ្វះខាតថវិកាក្នុងការចូលរួមប្រកួតកីឡាបាល់បោះរទេះនៅប្រទេសចិននា ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ និងថវិកាប្រើប្រាស់សម្រាប់ទ្រទ្រង់ដល់ដំណើរការបេសកម្មរបស់សហព័ន្ធ ជាពិសេសសំដៅលើកកម្ពស់វិស័យកីឡាសម្រាប់ជនមានពិការភាពនៅទូទាំងប្រទេសកម្ពុជា។

លោក តាំង សុខឃី និងលោកស្រី ទ្រី ចិន្តា បានបន្តបរិច្ចាគថវិកាសម្រាប់គាំទ្រដល់សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា (CWF) បន្ទាប់បានបរិច្ចាគថវិកាចំនួន ២,៥០០ដុល្លារ កាលពីមហាសន្និបាត(CWF) នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ កន្លងមកនេះ ហើយស្ថិតក្នុងពិធីពិសារអាហារសាមគ្គី និងរៃអង្គាសថវិការបស់សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា (CWF) ក៏បានបានចូលរួមបន្ថែមចំនួន ២ពាន់ដុល្លា បន្ថែមទៀតផងដែរ ដែលលោកបានសង្គត់ធ្ថន់ថា នេះដើម្បីឱ្យពួកគេដែលជាជនមានពិការភាព ត្រៀមលក្ខខណៈ នឹងកាន់តែមានកម្លាំងចិត្ត មានលទ្ធភាពបញ្ចេញនៅថ្វីដៃខិតខំដណ្តើមបាននៅកិត្តិយស មេដាយជូនជាតិ ។

ក្នុងឱកាសនោះដែរលោកស្រី ម៉ែន នារីវុឌ្ឍី ហូសិទ្ធី ប្រធានកិត្តិយសនៃសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា (CWF) បានថ្លែងអំណរគុណចំពោះសប្បុរសជនជាតិនិងអន្តរជាតិទាំងអស់ ដែលបានចូលរួមឧបត្ថម្ភគាំទ្រក្នុងពេលនេះដល់សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា លោកស្រីពិតជាសេក្តីរីករាយណាស់ ដែលបានចូលរួមគាំទ្រនៃពិធីពិសាអាហារសាមគ្គីនេះ នឹងសូមជូនពរដល់ម្ចាស់ជំនួយទាំងអស់ទទួលបានសេចក្តីចំរុងចំរើនសុខភាពល្អមាំមួន ។

សូមបញ្ជាក់ថា ៖ សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា ដែលបានចូលរួម បោះជំរុំហ្វឹកហាត់ និងប្រកួតទាំងកម្រិតជាតិ និងអន្តរជាតិជាមួយបណ្តាប្រទេសនានាដូចជាប្រទេសថៃ ហ្វីលីពីន ឡាវ ឥណ្ឌា អៀរ៉ង់ ឥណ្ឌូនេស៊ី អាហ្គានីស្ថាន ជាដើមក្រោមការរៀបចំពីសហព័ន្ធកីឡាបាល់បោះរទេះអន្តរជាតិ (IWBF)។
ចាប់ពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន កីឡាករ-កីឡាការនីបាល់បោះរទេះជនពិការកម្ពុជា បានចូលរួមការប្រកួតកម្រិតជាតិ និងអន្តរជាតិ ទាំងមិត្តភាព ជើងឯក ចំនួន ១៨លើក នៅបណ្តាប្រទេសមួយចំនួនដូចជា៖ ប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឥណ្ឌា ចិន ជប៉ុនជាដើម ។ ជាក់ស្តែងនៅក្នុងព្រឹត្តិការណ៍ ASIAN Para Game លើកទី១០ នៅប្រទេសចិនដែលមានប្រទេសជាង៤០នៅតំបន់អាស៊ីចូលរួម និងព្រឹត្តិការណ៍ ASEAN Para Game ដែលមានបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគេ្នហ៍ចូលរួម។

ចំពោះព្រឹត្តិការណ៍ ASIAN Para Games លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី កីឡាការនីកម្ពុជាដណ្តើមបានមេដាយមាសលើវិញ្ញាសារ៣ទល់៣ និងមេដាយប្រាក់លើវិញ្ញាសារ៥ទល់៥។ មិនតែប៉ុណ្ណោះនៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រុមអត្តពលិកនារី និងក្រុមបុរស បានចូលរួមប្រកួត និងទទួលបាននូវលទ្ធផលល្អប្រសើរ ដោយក្រុមនារីទទួលបានមេដាយមាស និងប្រាក់ជូនជាតិមាតុភូមិ។ ជាក់ថាកីឡាអាចផ្លាស់ប្តូរជីវិត និងជំរុញក្តីសង្ឃឹម ៕