(ភ្នំពេញ)៖ ធនាគារ វីង បានគូសបញ្ជាក់ពីគោលជំហរ នៃការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់សុខុមាលភាពសហគមន៍ ដោយបានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងការខិតខំប្រឹងប្រែងឥតងាករេរបស់សមាគមមួយនេះ ដែលតែងតែយកចិត្តទុកដាក់ជួយទៅដល់សហគមន៍ ដែលខ្វះខាតនៅទូទាំងប្រទេសកម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានកោតសរសើរចំពោះកិច្ចការបម្រើសង្គមរបស់សមាគម TYDA។ អ្នកឧកញ៉ាមានប្រសាសន៍ថា «យើងខ្ញុំសូមកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះក្រុមគ្រូពេទ្យជំនាញ ក៏ដូចជាក្រុមការងារស្ម័គ្រចិត្តទាំងអស់របស់សមាគម TYDA សម្រាប់ការផ្តល់ពិនិត្យសុខភាព និងព្យាបាលជំងឺ ដោយការយកចិត្តខ្ពស់ និងប្រកបដោយក្តីមេត្តា ដែលសកម្មភាពនេះនឹងជួយពង្រឹងសុខុមាលភាពសហគមន៍ឱ្យកាន់តែរឹងមាំ។ ការលះបង់របស់ក្រុមការងារនៃសមាគម TYDA ស័ក្តិសមនឹងទទួលបានការគោរពដ៏ខ្ពស់បំផុត»។
ជាក់ស្តែងកម្មវិធីមនុស្សធម៌មួយ ត្រូវបានរៀបចំឡើងកាលពីពេលថ្មីៗនេះនៅឯមណ្ឌលមែកឈើ មានទីតាំងស្ថិតនៅភូមិលិចវត្ដ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលធនាគារ វីង បានចូលរួមគាំទ្រកិច្ចការមនុស្សធម៌ដ៏ថ្លៃថ្លានេះជាមួយសមាគម TYDA ដើម្បីផ្តល់ជូននូវការពិនិត្យ និងព្យាបាលឥតគិតថ្លៃ។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តជំនាញបានផ្តល់សេវាថែទាំសុខភាពជាច្រើនដូចជា ការពិនិត្យជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ជំងឺបេះដូង, ពិនិត្យជំងឺភ្នែក, ជំងឺសើរស្បែក, ជំងឺត្រចៀក, ច្រមុះ, បំពងក, ពិនិត្យឈាម និងជំងឺផ្សេងៗទៀត។ កិច្ចការមនុស្សធម៌នេះ បានផ្តល់ការពិនិត្យ និងព្យាបាលទៅដល់ប្រជាពលរដ្ឋចំនួន ៣៥០ នាក់ ឬស្មើនឹង ៥៨៣ករណី ដែលរួមមាន កុមារកំពា្រ ចាស់ជរា បុគ្គលិកបម្រើការនៅក្នុងមណ្ឌល និងអង្គការខាងលើ ព្រមទាំងប្រជាពលរដ្ឋរស់នៅក្បែរតំបន់នោះផងដែរ។
បច្ចុប្បន្នមណ្ឌលមែកឈើ បានផ្តល់ជាជម្រក និងការអប់រំទៅដល់កុមារជាង ២០០នាក់ ដែលពួកគេរស់នៅក្នុងបរិយាកាសមួយដ៏មានសុវត្ថិភាព និងការចិញ្ចឹមបីបាច់ដ៏ល្អ។ ជាផ្នែកមួយនៃសកម្មភាពមនុស្សធម៌នេះ ប្រជាពលរដ្ឋ និងកុមារ ក៏ទទួលបាននូវអំណោយជាស្បៀងអាហារ សម្ភារៈសិក្សា និងថវិកា ដើម្បីជួយទ្រទ្រង់ដំណើរការរបស់មណ្ឌលមែកឈើ ក៏ដូចជាលើកកម្ពស់សុខុមាលភាពរបស់កុមារ នៅក្នុងមណ្ឌលនេះឱ្យកាន់តែប្រសើរថែមទៀត។
ធនាគារ វីង បានប្តេជ្ញាចិត្តឥតងាករេក្នុងការគាំទ្ររាល់ការខិតខំប្រឹងប្រឹងរបស់សមាគម TYDA ចំពោះបុព្វហេតុសកម្មភាពមនុស្សធម៌។ ចាប់តាំងពីឆ្នាំ ២០២២មក ធនាគារ វីងបានឧបត្ថម្ភថវិកាចំនួន ១០០.០០០ ដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ដែលមានរយៈពេល ៥ឆ្នាំ ដើម្បីជួយពង្រឹងសកម្មភាពមនុស្សធម៌របស់សមាគម TYDA លើការលើកកម្ពស់សុខុមាលភាពក្នុងសហគមន៍។ ភាពជាដៃគូដ៏ជាប់លាប់នេះបានអនុញ្ញាតឱ្យធនាគារ វីង ចូលរួមជាមួយសមាគម TYDA ក្នុងបេសកកម្មចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅតាមបណ្តាខេត្តជាច្រើនក្នុងប្រទេសកម្ពុជា ដែលបង្ហាញពីការតាំងចិត្តបន្ថែមទៀតរបស់ធនាគារ វីង ក្នុងការលើកកម្ពស់សេវាថែទាំសុខភាព ក៏ដូចជាពង្រឹងនូវសុខុមាលភាពសង្គម ប្រកបដោយសមធម៌នៅទូទាំងប្រទេសកម្ពុជា៕