(ភ្នំពេញ)៖ ផលិតកម្មចម្រៀងបែបយុវវ័យថ្មីមួយមានឈ្មោះថា «Plus 855 Music» ត្រូវបានអ្នកគាំទ្រចាត់ទុកថាជាផ្ទះថ្មីសម្រាប់សិល្បករ-សិល្បការិនីជំនាន់ក្រោយ និងបានបើកសម្ពោធជាផ្លូវការហើយ កាលពីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ នៅសណ្ឋាគារ Oakwood រាជធានីភ្នំពេញ ដើម្បីបង្ហាញវត្តមានផលិតបទចម្រៀងចរាចរនៅលើទីផ្សារ ក៏ដូចជាបើកឱកាសដល់តារាចម្រៀងវ័យក្មេងជំនាន់ក្រោយ ឲ្យចូលមកបញ្ចេញទេពកោសល្យសមត្ថភាពដែលខ្លួនមាន ឆ្ពោះទៅរកការអភិវឌ្ឍន៍វិស័យសិល្បៈចម្រៀង នៅលើឆាកអន្តរជាតិទាំងអស់គ្នា។

អគ្គនាយកក្រុមហ៊ុន ផលិតកម្មចម្រៀងថ្មី «Plus 855 Music» លោក ស៊ីវ រិទ្ធី បានថ្លែងប្រាប់ឲ្យដឹងថា Plus 855 Music នឹងបន្ដបើកឱកាសដល់សិល្បករ-សិល្បការិនីផ្នែកចម្រៀង ដែលមានទេពកោសល្យចាប់យកក្ដីស្រមៃរបស់ខ្លួន ចង់ក្លាយជាតារាចម្រៀងអាជីព ហើយល្បីកាន់តែច្រើន ចាប់ពីថ្ងៃសម្ពោធបើកជាផ្លូវការ ក្រុមហ៊ុន ផ្លឹស អេជ ហ្វាយ ហ្វាយ ម្ញូហ្សិក ចាប់ពីពេលនេះតទៅ។

លោកបន្តថា Plus 855 Music បានក៏កើតជារូបរាង ហើយមានសន្ទុះគាំទ្រជាបន្ដបន្ទាប់តាំងពីឆ្នាំ២០២៤ ក្រោមគំនិតផ្ដួចផ្ដើមដំបូងដោយរូបលោកផ្ទាល់ និងមិត្ដភក្ដិដែលមានជំនាញលើវិស័យតន្ដ្រីស្រាប់។ ការសម្រេចចិត្ដសម្ពោធបើកក្រុមហ៊ុន ជាផ្លូវការនៅពេលនេះ ក៏ដោយសារតែលោកមើលឃើញសន្ទុះគាំទ្រកាន់តែកើនឡើង ខណៈតារាចម្រៀងវ័យក្មេង ដ៏មានសក្ដានុពលប្រចាំផលិតកម្មថ្ពក់យកបេះដូងមហាជនបានកាន់តែច្រើន។ Plus 855 Music ក៏មានចក្ខុវិស័យក្នុងការបើកឱកាសស្វាគមន៍សិល្បករ សិល្បការិនីដែលមានឆន្ទៈចង់ចាប់ផ្ដើមក្នុងវិស័យសិល្បៈ មិនថាពួកគេធ្លាប់ឆ្លងកាត់ការប្រឡងសមត្ថភាពពីមុនមកឬមិនធ្លាប់ក្ដី ដើម្បីឲ្យពួកគេបានមកប្រើប្រាស់ទេព្យកោសល្យដែលពួកគេមាន និងដុសខាត់ពង្រឹងបន្ថែមឲ្យសិល្បៈពួកគេឈានដល់ស្តង់ដារល្អមួយ ជាមួយ Plus 855 Music។

លោក ស៊ីវ រិទ្ធី ក៏បានប្រកាសបើកដំណើរការផលិតបទចម្រៀងស្ទើរគ្រប់រសជាតិយ៉ាងសកម្ម ដើម្បីបម្រើអារម្មណ៍មហាជន ទន្ទឹមគ្នានឹងការប្រកាសទទួលយកតារាចម្រៀងថ្មីៗ ដោយលោកបញ្ជាក់ថា ក្រុមហ៊ុនមានឱកាស និងលទ្ធភាពច្រើនក្នុងការផលិតបទថ្មីៗ និងមានបទចម្រៀងជាច្រើនបង្ហាញពីអត្តសញ្ញាណរបស់កម្ពុជា ទៅកាន់អន្តរជាតិបានស្គាល់ពីតម្លៃវប្បធម៌ ទំនៀមទម្លាប់តបស់កម្ពុជាលើឆាកអន្តជាតិផងដែរ។

លោកបានបន្ថែមទៀតថា ជាលទ្ធផលនៅក្នុង La Cima Tour concert របស់យើង គឺបានបញ្ចប់ទៅ៤ខេត្ត ដោយជោគជ័យនិងទទួលបានការគាំទ្រពីសំណាក់ អ្នកចូលរួមផ្ទាល់សរុបចំនួនលើសពី ៦ម៉ឺននាក់ ដោយក្នុងមួយខេត្តមានអ្នកចូលរួមរហូតដល់ ១ម៉ឺននាក់ (10K) និងក្នុង Digital platform បាន Reach ដល់ ៦លាននាក់ (6M) ហើយ មានអ្នកចូលទស្សនាសរុបរហូតដល់ ១០លាន៥ពាន់ view (10.5M view) និង មាន engagement សរុបរហូតដល់ ៥សែន៥ពាន់នាក់ (550K)។ យើងជឿជាក់ថា Tour ចុងក្រោយនៅ Phnom Penh នឹងទទួលបានការគាំទ្រលើសពីអ្វី ដែលយើងបានធ្វើកាលពីកន្លងទៅនេះ ដោយសារ តែយើងក៏មានការផ្ដល់កិត្តិយសចូលរួមពីសិល្បករអន្តរជាតិ ហើយមិនត្រឹមតែចូលរួមសម្ដែង Tour នេះប៉ុណ្ណោះទេ ប៉ុន្តែពួកគេនឹងបន្តជាដៃគូយុទ្ធសាស្ត្រក្នុងការផលិតចម្រៀងរួមគ្នា ដែលជាជំហានថ្មីរបស់សិល្បករយើង។

បន្ទាប់ពីការបើកសម្ភោធក្រុមហ៊ុន Plus855 Music ជាផ្លូវការក្នុងថ្ងៃនេះយើងនឹងមាន Tour Concert នៅថ្ងៃទី ៣១មានទីតាំងស្ថិតនៅកោះពេជ្រ។ កាលវិភាគបន្តគឺយើងនឹងមានការ Release All3rgy’s EP, បន្ទាប់មក Dylux’s EP, Sreykhouch’s EP, Monetrey Ek’s EP, La Cima Cartel Album និងពិសេសចុងក្រោយនោះ គឺយើងនឹងផ្ដល់ជូន Experience Concert។ ដូចនេះសូមទាំងអស់គ្នាកុំភ្លេចតាមដាន គេហទំព័រផ្លូវការរបស់ សិល្បកររបស់យើងទាំងអស់ ក៏ដូចជាគេហទំព័រផ្លូវការរបស់ Plus 855 Music ផ្ទាល់។

សូមបញ្ជាក់ថា នៅក្នុងផលិតកម្មចម្រៀងថ្មី «Plus 855 Music» មានតារាចម្រៀងវ័យក្មេងពោរពេញដោយសមត្ថភាព និងការច្នៃប្រឌិតជាច្រើនដូចជា៖
* La Cima Cartel ជាក្រុមដែលទាំងអស់គ្នាបានស្គាល់រួចហើយនោះ គឺពួកគាត់មាន Color unique ផ្សេងៗគ្នា និងមានសមាជិកសរុប៧រូបរួមមាន YCN Tomie, YCN Rakkhie, YCN Dizzy, Meezy, Hasha, All3rgy និង Mut Phearin។
* Dylux គឺជាសិល្បករដែលពោរពេញដោយសិល្បៈ និងភាពច្នៃប្រឌិតច្រើនទម្រង់។
* Monetrey គឺជាសិល្បករ Indie ដែលមានសម្លេងទន់ភ្លន់ ស័ក្ដិសមបំផុតសម្រាប់ស្រទាប់យុវវ័យ។
* Chan Sreykhouch គឺជាសិល្បការិនីដំបូងបង្អស់របស់យើង ដែលមានទឹកដមសម្លេងស្រទន់ និងធ្លាប់បានឆ្លងកាត់ក្នុងការប្រឡងថែមទៀតផង៕