(ភ្នំពេញ)៖ ស្របពេលដែលវិស័យបាល់ទាត់នៅកម្ពុជា កាន់តែមានសន្ទុះគាំទ្រខ្លាំងក្លា ទាំងក្រុមបាល់ទាត់បុរស និងនារីនោះ ខ្មែរ ប៊ែវើរីជីស ដែលមានបេះដូងជាអ្នកស្រលាញ់វិស័យកីឡាស្រាប់ បានចេញមុខចូលរួមយ៉ាងសកម្មបន្តទៀត ក្នុងការជម្រុញវិស័យកីឡាបាល់ទាត់កម្ពុជាឱ្យកាន់តែរីកលូតលាស់ទៅមុខ តាមរយៈការរួមចំណែកឧបត្ថម្ភធំក្នុង «ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ Soccer League លើកទី៨» ឆ្នាំ២០២៥នេះ។
កម្មវិធីសន្និសីទសារព័ត៌មាន និងការចាប់ឆ្នោតជ្រើសរើសពូល សម្រាប់ការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកអភិសន្តិបណ្ឌិត ស សុខា ប្រធានគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ និងលោក ខៀវ ភារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ រួមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត។
ក្នុងនាមជាអ្នកឧបត្ថម្ភគាំទ្រធំ អ្នកឧកញ៉ា លាង ពៅ អគ្គនាយកពហុពាណិជ្ជកម្មក្រុមហ៊ុន ជីប ម៉ុង និងជានាយកប្រតិបត្តិក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខូភើរេសិន បានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការចូលរួមជ្រោមជ្រែងរៀបចំព្រឹត្តិការណ៍ Soccer League នេះ ដើម្បីបង្កើនឱកាសប្រកួតប្រជែង ស្វែងរកកីឡាករដែលមានសក្តានុពល បណ្តុះធនធានកីឡាករមានសមត្ថភាព ដើម្បីឱ្យកីឡាករកម្ពុជាកាន់តែមានតម្លៃខ្ពស់ មានសន្ទុះគាំទ្រទាំងថ្នាក់ជាតិ និងអន្តរជាតិ។
គួរបញ្ជាក់ថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាស្នាដៃបង្កើតឡើងដោយសហគ្រិនខ្មែរ និងជារោងចក្រស្តង់ដារគុណភាពខ្ពស់លំដាប់ពិភពលោក តែងតែជួយត្រឡប់ទៅសង្គមវិញ ជាពិសេសលើវិស័យកីឡាគ្រប់ប្រភេទនៅកម្ពុជា ដូចជាកីឡាបាល់ទាត់ គុនខ្មែរ និងបាល់ទះជាដើម។ សម្រាប់ពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០៤៖៣០នាទីល្ងាច នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលក្នុងនោះក៏មានការប្រកួតមិត្តភាពសប្បុរសធម៌រវាងក្រុម ស.ស.យ.ក. អលស្តារ ទល់នឹងក្រុមផ្ការីកគ្រប់រដូវ ក្រោមមូលបទ «ស្មារតីកីឡាដើម្បីយុវជនសង្គមយើង»។
ខ្មែរ ប៊ែវើរីជីស អ្នកគាំទ្រលើកស្ទួយវិស័យកីឡាគ្រប់ប្រភេទនៅកម្ពុជា៕