(បរទេស)៖ ក្រុមហ៊ុន OpenAI បានប្រកាសនៅថ្ងៃចន្ទដើមសប្តាហ៍នេះថា នឹងបើកការិយាល័យដំបូងរបស់ខ្លួននៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ចំពេលមានតម្រូវការកើនឡើងយ៉ាងឆាប់រហ័សសម្រាប់សេវាកម្ម ChatGPT របស់ខ្លួននៅក្នុងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។
របាយការណ៍បានឱ្យដឹងថា កូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានចំនួនអតិថិជន ChatGPT បង់ប្រាក់ច្រើនជាងគេនៅក្រៅសហរដ្ឋអាមេរិក ដែលធ្វើឱ្យវាក្លាយជាទីផ្សារដ៏សំខាន់សម្រាប់ការពង្រីក OpenAI ។ ការិយាល័យថ្មីនេះ នឹងក្លាយជាការិយាល័យទីបីរបស់ OpenAI នៅអាស៊ី បន្ទាប់ពីការិយាល័យដែលមានស្រាប់ក្នុងប្រទេសជប៉ុន និងសិង្ហបុរី ដែលបច្ចុប្បន្នក្រុមហ៊ុននេះមានបុគ្គលិកជិត ៤០ និង២០ នាក់រៀងៗខ្លួន។ OpenAI បានគូសបញ្ជាក់ថា ក្រុមហ៊នក៏កំពុងជួលបុគ្គលិកដើម្បីគាំទ្រភាពជាដៃគូជាមួយប្រទេសនេះផងដែរ ហើយរំពឹងថានឹងប្រកាសព័ត៌មានលម្អិតបន្ថែមទៀតអំពីរបាយការណ៍នេះនៅក្នុងប៉ុន្មានខែខាងមុខ។
បន្ថែមពីនេះ ប្រធានផ្នែកយុទ្ធសាស្ត្រ AI លោក Jason Kwon បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រព័ន្ធអេកូឡូស៊ី AI ពេញលេញរបស់កូរ៉េធ្វើឱ្យវាក្លាយជាទីផ្សារដ៏ជោគជ័យបំផុតមួយនៅក្នុងពិភពលោកសម្រាប់ផលប៉ះពាល់ AI ដ៏មានអត្ថន័យ ចាប់ពីស៊ីលីកុនទៅសូហ្វវែរ និងសិស្សរហូតដល់មនុស្សចាស់»។
គួរជម្រាបថា កាលពីដើមឆ្នាំនេះ OpenAI ក៏បានប្រកាសថានឹងអភិវឌ្ឍន៍ផលិតផលបញ្ញាសិប្បនិម្មិត AI សម្រាប់កូរ៉េខាងត្បូងជាមួយនឹងប្រតិបត្តិករកម្មវិធីជជែក Kakao ផងដែរ៕