(បរទេស)៖ តាមការចេញផ្សាយដោយសារព័ត៌មាន Reuters បានឲ្យដឹងថា ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Nvidia កំពុងតែត្រៀមចេញឈីប AI ថ្មីមួយសម្រាប់ទីផ្សារប្រទេសចិន ដែលមានឈ្មោះបណ្តោះអាសន្នថា «B40» ឬ «RTX Pro 6000D»។
បន្ទះឈីបថ្មីនេះមានតម្លៃនៅចន្លោះ ៦,៥០០ដុល្លារ ដល់ ៨,០០០ដុល្លារ ពោលមានតម្លៃថោកជាងម៉ូឌែល H20 ដែលត្រូវបានហាមឃាត់ ក្រោមការឹតត្បិតការនាំចេញរបស់សហរដ្ឋអាមេរិក ខណៈ H20 មានតម្លៃប្រហែល ១០,០០០ដុល្លារ ដល់ ១២,០០០ដុល្លារ។ ដើម្បីអនុវត្តតាមច្បាប់នាំចេញរបស់អាមេរិក, B40 នឹងប្រើ memory GDDR7 ជំនួស HBM (High Bandwidth Memory) ហើយមិនប្រើបច្ចេកវិទ្យាផ្ទុក CoWoS របស់ TSMC ដូចឈីបខ្ពស់ៗទេ។ ការផលិត ដ៏ច្រើននៃបន្ទះឈីបប្រភេទ B40 ថ្មីនេះ ត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅដើមខែមិថុនា ឆ្នាំ២០២៥ ហើយនឹងមានលក់ទូទាំងទីផ្សារចិននៅត្រីមាសទី៣ឬ៤ ឆ្នាំនេះតែម្តង។ Nvidia ក៏មានផែនការសហការជាមួយក្រុមហ៊ុនចិន Inspur សម្រាប់ការចេញលក់ឈីបនេះផងដែរ។
គួរជម្រាបថា ច្បាប់នាំចេញរបស់សហរដ្ឋអាមេរិកបានធ្វើឲ្យ Nvidia រងផលប៉ះពាល់យ៉ាងខ្លាំងក្នុងទីផ្សារចិន។ ការចែកចាយរបស់ក្រុមហ៊ុននេះ បានធ្លាក់ចុះពី ៩៥% តាំងពីឆ្នាំ២០២២ និងធ្លាក់ចុះ ៥០% នាពេលបច្ចុប្បនេះ ហើយក៏បានការបាត់បង់ឱកាសលក់ឈីប H20 និងមានបញ្ហាគ្មានអ្នកទិញ ដែលនាំឲ្យរងការបាត់បង់ប្រាក់ចំណូលចំនួន ៥.៥ពាន់លានដុល្លារ។ ទោះបីជាប្រឈមជាច្រើនកើតឡើងក៏ដោយ Nvidia ក៏ចង់បន្តរក្សាស្ថានភាពរបស់ខ្លួននៅទីផ្សារចិន ដោយនាំចេញផលិតផលដែលអាចសមស្របតាមច្បាប់ ដូចជា B40។ ក្រុមហ៊ុននេះ ក៏ពឹងផ្អែកលើ software CUDA ដែលជាកម្មវិធីរចនាឡើង សម្រាប់ដំណើរការម៉ាស៊ីន (AI) ដើម្បីប្រកួតប្រជែងជាមួយគូប្រកួតក្នុងស្រុកដូចជា Huawei ផងដែរ៕