(អេស្ប៉ាញ)៖ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Nations League 2024-25 ពេលនេះក្រុមជម្រើសជាអេស្ប៉ាញ ដែលជើងឯកឆ្នាំ២០២៣ កំពុងស្ថិតក្រោមការដឹកនាំដោយលោក Luis de la Fuente បានសម្រេចកោះហៅជម្រើសខ្សែនប្រម្រើ Gavi និង Isco ក្នុងត្រៀមលេងប៉ះក្រុមមាន់គកបារាំង ដែលការប្រកួតនឹងធ្វើឡើងនៅខែមិថុនា ខាងមុខនេះនៅទឹកដីក្លិប Stuttgart ។
រំលឹកផងថា ខ្សែបម្រើវ័យក្មេង Gavi របស់ក្លិប Barcelona បានជួបបញ្ហារបួសដាច់រហែកសរសៃចងជង្គង់ បណ្តាលឱ្យខកខានជួបក្រុមជម្រើស គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ ដ្បិតមានវ័យក្មេងតែខ្សែបម្រើរូបនេះរកបាន ២៧គ្រាប់មកហើយជាមួយគោជល់អេស្ប៉ាញ ។
ខណៈអតីតកីឡាកររបស់ Real Madrid មានវ័យ ៣៣ឆ្នាំ Isco បានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងរដូវកាលនេះជាមួយក្លិប Real Betis ដែលអាចរកគ្រាប់ស៊ុតបាន ១២គ្រាប់និងបញ្ជូនបាល់ឱ្យដៃគូបញ្ចប់ទីបានចំនួន ១០លើក ពីក្នុងការបង្ហាញខ្លួន ៣២ប្រកួត ហើយបានជួយរួមចំណែកជួយក្លិបឈានដល់វគ្គផ្តាច់ព្រ័ត្រពាន Conference League ដែលត្រូវប៉ះ Chelsea នៅថ្ងៃពុធខាងមុខនេះ ។
សូមជម្រាប់ផងថា សម្រាប់ការលេងវគ្គ Semi-final ពានរង្វាន់ Nations League 2024-25 មុនការប៉ះគ្នារវាងក្រុមអេស្ប៉ាញ ជាមួយក្រុមបារាំង ដែលជើងឯកឆ្នាំ២០២១ នៅថ្ងៃទី០៦ ខែមិថុនា ក៏មានការប៉ះគ្នារវាងក្រុមអាល្លឺម៉ង់ មិនទាន់ស្គាល់រសជាតិពាននេះ នឹងតទល់ជាមួយក្រុមជើងឯកឆ្នាំ២០១៩ ព័រទុយហ្គាល់ នៅថ្ងៃទី០៥ ខែដដែល ដើម្បីយកកៅអីវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងម៉ូនិច ៕