(ភ្នំពេញ)៖ ក្រោយបញ្ចប់រដូវកាលឆ្នាំ២០២៤/២៥ ក្លិបបាល់ទាត់ វិសាខា នៅថ្ងៃទី២៧ ខែឧសភានេះ ក្លិបបានប្រកាសគ្រូបង្វឹកថ្មី ដើម្បីត្រៀមដឹកនាំក្រុមប្រកួតប្រជែង នារដូវកាលថ្មីខាងមុខហើយ គឺបុរសជនជាតិអង់គ្លេសលោក Gérard Jones ដែលទើបមានវ័យ ៣៥ឆ្នាំ តែមានប្រវត្តិមិនធម្មតា មុនធ្វើដំណើរមកប្រកបអាជីពលើកដំបូងលើទឹកដីកម្ពុជាពេលនេះ។
ទោះបីមានវ័យក្មេង សម្រាប់ការងារគ្រូបង្វឹកបន្ដិចមែន តែលោក Gérard Jones ត្រូវបានចាត់ទុកជាគ្រូបាល់ទាត់ ដែលមានបទពិសោធន៍ជោគជាំម្នាក់ ក្នុងរយៈពេលជាង ១៥ឆ្នាំចុងក្រោយ ដោយលោកធ្លាប់បំពេញការងារជាអ្នកគ្រប់គ្រង និងដឹកនាំក្រុមជាច្រើននៅតំបន់អឺរ៉ុប ក្នុងនោះភាគច្រើន គឺលោកដឹកនាំក្រុមកម្រិតយុវជន។
គួរដឹងថា គ្រូបង្វឹកកាន់អាជ្ញាបណ្ណកម្រិត UEFA A រូបនេះ បានផ្ដើមអាជីពបាល់ទាត់ដំបូង ក្នុងនាមនាយកក្រុមគ្រូបង្វឹកនៃសាលាបាល់ទាត់ Arsenal នៅឆ្នាំ២០១០-២០១១។ បន្ទាប់មកលោកក៏បានផ្ទេរទៅដឹកនាំក្រុមកម្រិតយុវជនជាច្រើន ដូចជាគ្រូយុវជនក្រុម Rochdale, អ្នកចាត់ការក្រុម Eccleshill United, គ្រូជំនួយក្រុមយុវជន U21 Bradford City, គ្រូយុវជនក្រុម RIASA និង គ្រូបង្វឹក Bristol Rovers ជាដើម ។
លើសពីនេះ លោកក៏ធ្លាប់ធ្វើជាគ្រូបណ្ដុះបណ្ដាលយុវជន នៅសហព័ន្ធកីឡាបាល់ទាត់ម៉ារ៉ុក និងសហរដ្ឋអាមេរិកផងដែរ ជាក់ស្ដែងមុនមកដឹកនាំក្រុមធំវិសាខា នៅកម្ពុជា លោកបានធ្វើជានាយកក្រុមគ្រូបង្វឹករបស់ក្រុម Sporting Kansas City នៅសហរដ្ឋអាមេរិកទៀតផង។
តាមរយៈការបង្ហាញគ្រូបង្វឹកថ្មីខាងលើ គេឃើញមានអ្នកគាំទ្រជាច្រើន បានសម្ដែងការស្វាគមន៍ ហើយក៏សង្ឃឹមថា លោកនឹងមានអ្វីដែលថ្មី និងប្លែក ដើម្បីកែប្រែ និងរៀបចំក្រុមឲ្យបានកាន់តែប្រសើរ ដើម្បីត្រៀមប្រកួតប្រជែងក្នុងលីគ និងពានរង្វាន់ផ្សេងៗ នារដូវកាលថ្មីខាងមុខ បន្ទាប់ពីក្លិបមិនសូវកាក់កបជាមួយគ្រូបង្វឹកមុនៗ ដែលដឹកនាំត្រឹមរយៈពេលខ្លី ត្រូវបានប្រកាសចែកផ្លូវគ្នាជាបន្ដបន្ទាប់៕