(ឡុងដ៏)៖ ថ្ងៃដង្ហែរក្បួនអបអរសារទក្រុមហង្ស់ក្រហម Liverpool លើកពានលីគ Premier League 2024025 នាថ្ងៃទី២៦ ខែឧសភានេះ បែជាមានរថយន្តមួយគ្រឿង បានបើកបុកហ្វូងអ្នកគាំទ្រ Liverpool អំឡុងពេលដង្ហែរក្បួន បានបណ្តាលឱ្យមានមនុស្ស ២៧នាក់រងរបួសត្រូវបញ្ជូនទៅមន្ទីរពេទ្យ ខណៈមានពីរនាក់បានរងរបួសធ្ងន់ធ្ងរ ប៉ុន្តែមន្ត្រីប៉ូលិសបានឱ្យដឹង។

ជាមួយគ្នានោះ មន្ត្រីប៉ូលីស ក៏បានបន្តថា ពួកគេមិនមានសង្សៃ ហើយក៏មិនមានការជឿថាឧបទ្ទវហេតុនេះ មានការជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មនោះទេ ។ ពួកគេបានចាប់ខ្លួន បុរសជនជាតិអង់គ្លេសស្បែកស មានវ័យ ៥៣ឆ្នាំម្នាក់នៅពីក្នុងតំបន់ ដែលមានការជឿថាជាអ្នកបើករថយន្តបង្កហេតុ ទៅលើក្រុមអ្នកគាំទ្រជាច្រើនដែលកំពុងប្រារព្ធពិធីដង្ហែរក្បួននេះ ។

ស្ថិតនៅកន្លែងកើតហេតុមាន ២០នាក់ត្រូវបានព្យាបាលនៅនឹងកន្លែង ខណៈកងរថយន្តសង្គ្រោះបាននិយាយថា ក្នុងចំណោមអ្នកទាំង ២៧នាក់ ដែលត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនោះ មានកុមារ ៤នាក់ហើយកុមារម្នាក់ និងមនុស្សពេញវ័យម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ហើយគ្រោះថ្នាក់នេះក៏មានមនុស្ស ៤នាក់ជាប់នៅក្រោមរថយន្តត្រូវបានកងសង្គ្រោះនឹងពន្លត់អគ្គិភ័យជួយយកចេញ ។

បញ្ជាក់ផងថា នេះជាការឈ្នះពានលីគ Premier League ជាថ្មីម្តងទៀតរបស់ក្រុម Liverpool បន្ទាប់ពីលើកពាននេះនៅអំឡុងស្ថានភាពជំងឺ COVID-19 អំឡុងរដុវកាល២០១៩-២០ ដែលពេលនោះមិនទទួលបានការអនុញ្ញាតឱ្យប្រារព្ធដង្ហែរក្បួនអបអរការឈ្នះពាននោះទេ ជុំវិញវិធីសាស្ត្រការពារ ៕