(ភ្នំពេញ)៖ ក្រុមកីឡាជឺជីតស៊ូជម្រើសជាតិកម្ពុជា បានបញ្ចប់បេសកកម្មក្នុងការប្រកួតកីឡាជឺជិតស៊ូជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី៩ (9th Asian Ju-Jitsu Championship) ឆ្នាំ២០២៥ នៅទីក្រុង Amman ប្រទេសហ្សកដានី ដោយជោគជ័យដ៏អស្ចារ្យ នឹងឈ្នះមេដាយសរុប ១១គ្រឿង។
ការប្រកួតមានរយៈពេល ៥ថ្ងៃ គិតចាប់តាំងពីថ្ងៃទី២២-២៦ ខែឧសភានេះ ហើយអ្វីកាន់តែពិសេសនៅថ្ងៃចុងក្រោយ អត្តពលិកកម្ពុជា ដណ្ដើមបានមេដាយមាស ២គ្រឿង ធ្វើបានដោយកីឡាការិនី ទីន សុវណ្ណបួរកែវ និងកីឡាការិនី ហេង ស៊ីវហ៊ាង នឹងជាលទ្ធផលការប្រកួតជារួម អត្តពលិកកម្ពុជា ដណ្ដើមបានមេដាយសរុប ១១គ្រឿង រួមមានមេដាយមាស ២ ប្រាក់ ៦ និងសំរឹទ្ធ ៣គ្រឿង ។
យោងតាមសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ជាមួយការដណ្ដើមបានមេដាយ ១១គ្រឿងខាងលើ សហព័ន្ធបានចាត់ទុកនេះជាលទ្ធផលដ៏អស្ចារ្យសម្រាប់កម្ពុជា ដ្បិតសហព័ន្ធបានបញ្ជូនកីឡាករ-កីឡាការិនីចំនួនតែ ៦រូបប៉ុណ្ណោះ ទៅប្រកួតក្នុងព្រឹត្តិការណ៍កម្រិតទ្វីបអាស៊ីនេះ ដែលមានអត្តពលិកខ្ទង់ពាន់នាក់ចូលរួមប្រកួតប្រជែង ៕