(ភ្នំពេញ)៖ វិទ្យាស្ថានខេមអេដ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា បានរៀបចំពិធីចែកសញ្ញាបត្រ ជូនដល់និស្សិត ដែលបានប្រឡងបញ្ចប់ការសិក្សាលើថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ MSc+ACCA ថ្នាក់បរិញ្ញាបត្រ BA+CAT កម្មវិធីសិក្សា ACCA និងកម្មវិធីសិក្សា CAT សម្រាប់ ឆ្នាំ២០២៤ កន្លងទៅនេះ។

កម្មវិធីចែកសញ្ញាបត្រនេះ ត្រូវបានធ្វើឡើងជាបីវេន ដែលពេលព្រឹក និងពេលល្ងាចមានការអញ្ជើញចូលរួមក្រោមអធិបតីភាពរបស់ លោកបណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ប្រធានគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញ កម្ពុជា និងជា ប្រធានគណៈកម្មការចុះឈ្មោះ និងសមាជិកភាពវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា និងពេលរសៀលមានការអញ្ជើញចូលរួម ក្រោមអធិបតីភាពលោកបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយការ ចូលរួមពីអ្នក តំណាងស្ថាប័ន ACCA ប្រចាំនៅកម្ពុជា តំណាងក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានខេមអេដ លោកនាយកវិទ្យាស្ថានខេមអេដ សាស្រ្តាចារ្យ និយោជក បុគ្គលិកខេមអេដ និស្សិត និងអាណាព្យបាលផងដែរ។

ទន្ទឹមនឹងនេះដែរ សម្រាប់ពិធីចែកសញ្ញាបត្រជូនដល់និស្សិតនេះ និស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី០១ លើមុខជំនាញវិទ្យាសាស្រ្ត គណនេយ្យ និងហិរញ្ញវត្ថុ មានចំនួនសរុប ០២នាក់ ថ្នាក់បរិញ្ញាបត្រជំនាន់ទី១០ លើមុខជំនាញគណនេយ្យ និងហិរញ្ញវត្ថុ មានចំនួនសរុប៤៨១នាក់ កម្មវិធីACCA មានចំនួនសរុប ៣២នាក់ និងកម្មវិធីCAT មានចំនួនសរុប២៥នាក់។

នៅក្នុងឱកាសដ៏មានអត្ថន័យនេះដែរ បណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាជិកក្រុមប្រឹក្សា អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ប្រធានគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញ កម្ពុជា និងជាប្រធានគណៈកម្មការ ចុះឈ្មោះ និងសមាជិកភាពវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា បានថ្លែងថា លោកបណ្ឌិត ពិតជាមានកិត្តិយស និងក្ដីសោមនស្សរីករាយដែលបានចូលរួមក្នុងកម្មវិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត ដែលបានបញ្ចប់ការសិក្សាជាស្ថាពរនៅវិទ្យាស្ថានខេម អេដក្នុងថ្ងៃនេះ ដោយក្នុងនោះមាននិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុចំនួន ១៩៦នាក់ និងនិស្សិតបញ្ចប់ការ សិក្សាថ្នាក់បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ + CAT មានចំនួន ៥៤នាក់។

ក្នុងនាមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជារូបលោកបណ្ឌិតផ្ទាល់ដែលជាតំណាងរបស់លោក សូមថ្លែងនូវសេចក្តីអំណរអរគុណ ហើយជាពិសេសទៅទៀតលោកមានមោទនភាពណាស់ដែលបានមក ចូលរួមក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតជ័យលាភីនៃវិទ្យាស្ថានខេមអេដ ដែលបានខិតខំបញ្ចប់ការសិក្សារបស់ខ្លួនក្នុងឆ្នាំ២០២៤។

លោកបានបន្តទៀតថាកម្ពុជាបាន ធ្វើការរៀបចំ ច្បាប់១៥ស្ដង់ដារគណនេយ្យ និង១០ស្ដង់ដារសវនកម្មប៉ុណ្ណោះ ហើយបន្ទាប់មកក្នុងឆ្នាំ២០០២ កម្ពុជាក៏បានបង្កើតច្បាប់គណនេយ្យ និងសវនកម្មសម្រាប់សហគ្រានដែលមានសរុបប្រមាណជាង ២០មាត្រា ហើយក្នុងឆ្នាំ២០១៦ កម្ពុជាក៏ផ្លាស់ប្ដូរច្បាប់គណនេយ្យ និងសវនកម្ម សហគ្រាស និងវិជ្ជាជីវៈគណនេយ្យ មកជាច្បាប់គណនេយ្យ និងសវនកម្ម ដែលជាឈ្មោះខ្លី និងមានរហូតដល់ ៣០ទៅ៣៨មាត្រា ដែលរៀបច្បាស់លាស់ពីស្ដង់ដារគណនេយ្យ និងសវនកម្ម រួមជាមួយការចុះកិច្ចសន្យានៅទីក្រុងទីក្រុងឡុងដ៍ និងរដ្ឋវ៉ាស៊ីនតោន ក្នុងការយក ស្ដង់ដារគណនេយ្យ និងសវនកម្មអន្តរជាតិមកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាផងដែរ។ នេះសបញ្ជាក់ឃើញថាកម្ពុជាមានច្បាប់ស្ដង់ដារ គណនេយ្យ និងសវនកម្ម វិជ្ជាជីវៈច្បាស់លាស់ សម្រាប់អនុវត្តការងារមិនត្រឹមតែក្នុងស្រុក ប៉ុន្តែរួមទាំងការអនុវត្តការងារបានយ៉ាងត្រឹមត្រូវជា អន្តរជាតិ ដែលវាជាមោទនភាពមួយសម្រាប់កម្ពុជា។

លោកបណ្ឌិត បន្តទៀតថា ជាការពិតណាស់វិទ្យាស្ថានខេមអេដ ពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យគណនេយ្យ និងហិរញ្ញវត្ថុ ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយបានកំពុងបង្កើតធនធានមនុស្ស ដែលប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ លើជំនាញបច្ចេកទេសសម្រាប់ វិស័យ ៣ ក្នុងសេដ្ឋកិច្ចរបស់កម្ពុជា៖

*ទី១៖ ភាគច្រើនសវនករដែលកំពុងបម្រើការងារក្នុងក្រុមហ៊ុនសវនកម្មឯករាជ្យបានបញ្ចប់ការសិក្សានៅ វិទ្យាស្ថានខេមអេដ មានដូចជា ក្រុមហ៊ុន PWC, KPMG, EY និង Deloitte ជាដើម។

*ទី២៖នាយកប្រតិបត្តិក្នុងវិស័យធនាគារមួយចំនួនធំ ក៏សុទ្ធតែបានបញ្ចប់ការសិក្សាពី វិទ្យាស្ថានខេមអេដ ផងដែរ ដូចជា ប្រធានផ្នែក ហិរញ្ញវត្ថុ ប្រធាននាយកប្រតិបត្តិ អ្នកគ្រប់គ្រងហិរញ្ញវត្ថុនៃធនាគារ ជាដើម។

*ទី៣៖ វិទ្យាស្ថានខេមអេដបច្ចុប្បន្នគឺជាប្រភពសំខាន់មួយនៃមន្រ្តីរាជការលើកិច្ចការបច្ចេកទេស ដូចជា អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកបណ្ឌិតក៏លើកឡើងថា វិទ្យាស្ថានខេមអេដ បានផ្តោតសំខាន់លើគុណភាពអប់រំជាអត្ថិភាពចម្បង ហើយកម្មវិធីសិក្សារបស់ វិទ្យាស្ថានខេមអេដទាំងថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សុទ្ធតែត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា និង ហើយ ចំពោះកម្មវិធីសិក្សាអ្នកគណនេយ្យករជំនាញ (Association of Chartered Certified Accountants-ACCA) ក៏ត្រូវបានទទួលស្គាល់ជាផ្លូវការពីស្ថាប័នACCA របស់ចក្រភពអង់គ្លេស និងបណ្តាប្រទេសប្រហែល ១៨០ប្រទេស។ ការសិក្សានៅវិទ្យាស្ថាន ខេមអេដ គឺបានផ្ដល់ឱកាសដល់និស្សិតគ្រប់រូប ក្នុងការអភិវឌ្ឍគុណវឌ្ឍិរបស់ខ្លួន និងពង្រឹងចំណេះដឹងលើជំនាញច្បាស់លាស់ ដើម្បីទទួលបាន ភាពលេចធ្លោរលើទីផ្សារការងាជាសកលនិងក្នុងស្រុករផងដែរ។ លើសពីនេះវិទ្យាស្ថានខេមអេដផ្ទាល់ រួមទាំងសាស្រ្តាចារ្យ ថ្នាក់ដឹកនាំ ក្រុមការ ងារ និងបុគ្គលិកទាំងអស់ ដែលបានខិតខំ និងសម្រេចបានជោគជ័យដល់សព្វថ្ងៃ គឺដោយសារតែ វិទ្យាស្ថានខេមអេដ តែងតែស្តាប់ និងទទួល យក ព្រមទាំងឆ្លើយតបទៅតម្រូវការរបស់និយោគជិក ក៏ដូចជាទិសដៅនៃគោលនយោបាយ ជាតិផ្សេងៗ ដែលចេញដោយស្ថាប័ន សាធារណៈដែលពាក់ព័ន្ធជាដើម។

មិនតែប៉ុណ្ណោះ វិទ្យាស្ថានខេមអេដបានខិតខំពង្រឹងគុណភាពអប់រំរបស់ខ្លួន ឲ្យលេចធ្លោទាំងក្នុង និងក្រៅ ប្រទេស ដោយបានក្លាយជាគ្រឹះស្ថានឧត្តមសិក្សាដំបូងគេនៅប្រទេសកម្ពុជា ដែលទទួលបានការទទួលស្គាល់លើគុណភាពអប់រំពីសហរដ្ឋ អាមេរិក ក៏ដូចជាចក្រភពអង់គ្លេស ដែលមានដូចជា៖

*ការទទួលស្គាល់ដោយ ក្រុមប្រឹក្សាសម្រាប់ការទទួលស្គាល់គុណភាពអប់រំឧត្តមសិក្សា ACBSP នៃសហរដ្ឋអាមេរិក ដែលមានសុពល ភាពរយៈពេល១០ឆ្នាំ។ ACBSP គឺជាបណ្ដាញសកលលោកដ៏ធំបំផុតដែលមានឯកទេសក្នុងការទទួល ស្គាល់សាលាគណនេយ្យ និងធុរកិច្ច និងកម្មវិធីផ្សេងៗ ហើយមានទីតាំងនៅសហរដ្ឋអាមេរិក

*គុណភាពអប់រំ ក្នុងកម្រិត Platinum ពីស្ថាប័នអន្តរជាតិអ្នកជំនាញផ្នែកគណនេយ្យ ACCA នៅចក្រភពអង់គ្លេស

*តាមរយៈ QS Stars Rating System ដែលវិទ្យាស្ថានខេមអេដទទួលបាន ក្នុងកម្រិតផ្កាយប្រាំទៅលើគុណភាពបង្រៀនរបស់ សាស្រ្តាចារ្យ

*ការទទួលស្គាល់ពី ASEAN University Network-Quality Assurance (AUN-QA) ដែលជាស្ថាប័នមួយដែលផ្តល់ នូវការណែនាំនិងគម្រូស្តង់ដារនានា ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រព័ន្ធ ធានាគុណភាព ដែលជាឧបករណ៍មួយសម្រាប់រក្សា កែលម្អ និងលើកកម្ពស់ការបង្រៀន ការស្រាវជ្រាវ និងស្តង់ដារសិក្សាទាំងមូលរបស់ស្ថាប័នអប់រំដែលជាសមាជិករបស់ AUN-QA

*វិញ្ញាបនបត្រទទួលស្គាល់គុណភាពអប់រំ ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា(ACC)
ដោយមានការប្រតិបត្តិការ និងសហការយ៉ាងរឹងមាំរវាងស្ថាប័នទាំងបីខាងលើនេះហើយ ទើបធ្វើឱ្យនិស្សិតដែលបានបញ្ចប់ការសិក្សា ពីវិទ្យាស្ថានខេមអេដ មានភាពងាយស្រួល និងមានឱកាសច្រើនក្នុងការស្វែងរកការងារធ្វើ។

*លើសពីនេះទៅទៀត វិទ្យាស្ថានខេមអេដ ក៏មានដៃ គូសហការក្នុងការស្វែងរកការងារជូននិស្សិត នៅតាមស្ថាប័នឯកជនធំៗផងដែរដូចជាក្រុមហ៊ុន PWC, KPMG, EY និង Deloitte ជាដើម។

ក្នុងឱកាសដ៏មហោឡារិកនេះ ដើម្បីចូលរួមអបអរសាទរដល់និស្សិតបញ្ចប់ការសិក្សា លោកបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានផ្តាំនិស្សិតបញ្ចប់ការសិក្សា ឆ្ពោះទៅមុខជាមួយនឹងភាពបត់បែន ការច្នៃប្រឌិត និងសេចក្តីប្រាថ្នាខ្លួន។

ជាមួយគ្នានេះដែរ លោក ខេស៊ី បាណេត នាយកនៃវិទ្យាស្ថានខេមអេដបានចូលរួមអបអរសាទរដល់និស្សិត ជ័យលាភីទាំងអស់ និងថ្លែងថា «តាំងនាមវិទ្យាស្ថានខេមអេដ សូមគោរព ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ប្រធានគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា និងជា ប្រធានគណៈកម្មការចុះឈ្មោះ និងសមាជិកភាពវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជាដ៏ខ្ពង់ខ្ពស់ សូមគោរព ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជាដ៏ខ្ពង់ខ្ពស់ សូមគោរពលោកបណ្ឌិត ព្រំម វិរៈ ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានខេមអេដ សូមគោរពលោក នូវ រតនា នាយកការិយាល័យតំណាង អេស៊ីស៊ីអេ ប្រចាំប្រទេសកម្ពុជា សូមគោរពឯកឧត្ដម លោកជំទាវ លោកបណ្ឌិត សាស្ត្រាចារ្យ មាតាបិតា អាណាព្យាបាលនិស្សិត និងនិស្សិតបញ្ចប់ការសិក្សា ព្រមទាំងសហការី និងភ្ញៀវកិត្តិយសទាំងអស់ដែលកំពុងមានវត្តមានចូលរួមក្នុងកម្មវិធីដ៏ឱឡារិកនាថ្ងៃនេះ ជាទីគោរពដ៏ខ្ពង់ខ្ពស់ និងជាទីស្រឡាញ់រាប់អានដ៏ស្មោះ អស់ពីដួងចិត្ត»។

លោកមានកិត្តិយស និងមានសេចក្ដីសោមនស្សរីករាយ ជាក្រៃលែង ដែលបានមកចូលរួមអបអរសាទរក្នុងកម្មវិធី ប្រគល់ សញ្ញាបត្រ ជូនដល់និស្សិត ដែលបានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រ នៃវិទ្យាស្ថានខេមអេដ ជាមួយវត្តមានលោកបណ្ឌិត សាស្រ្តាចារ្យ លោក លោកស្រី និងនិស្សិតទាំងអស់ នាឱកាសថ្ងៃនេះ។

លោកនាយក ក៏បានមានជំនឿយ៉ាងមុតមាំថា អ្នកទាំងអស់គ្នានឹងប្រើប្រាស់សមត្ថភាព ចំណេះដឹង និងជំនាញរបស់អ្នក ដើម្បីជាប្រយោជន៍ ដែលនាំទៅរកមោទនភាពរបស់ខ្លួនផង របស់គ្រួសារផង និងរបស់សង្គមជាតិ ក៏ដូចជាសកលលោកផងដែរ។ លោកផ្ដាំផ្ញើផងដែរថា ខណៈពេលដែល អ្នកទាំងអស់គ្នាប្រឡូកចូលក្នុងសង្គម ក៏ដូចជាក្នុងសកលលោក អ្នកគួរគប្បីប្រកាន់ ខ្ជាប់នូវព្រហ្មវិហារធម៌ទាំងបួនគឺ មេត្តា ករុណា មុទិតា និងឧបេក្ខា។ សូមអ្នកបន្តរក្សាអោយបាននូវសេចក្ដីក្លាហាន ការតស៊ូ និងបើកចិត្ត អោយទូលាយ ហ៊ានប្រឈមនឹងអ្វីដែលថ្មី និងជាពិសេសបន្តអភិវឌ្ឍខ្លួនជានិច្ចតាមរយៈការសិក្សាពេញមួយជីវិត។ សង្គមជាតិ ក៏ដូចជាពិភព លោក កំពុងតែត្រូវការអ្នកដែលមានសមត្ថភាព ចំណេះដឹង និងជំនាញ ដូចជារូបអ្នកទាំងអស់គ្នានេះហើយ។ សូមឱ្យនិស្សិតទាំងអស់គ្នា ទទួលបាននូវជោគជ័យដ៏ត្រចះត្រចង់ ដែលនឹងនាំយកមកនូវប្រយោជន៍ និងមោទនភាព ជូនខ្លួនឯងផង ក្រុមគ្រួសារផង និងសង្គមជាតិផង៕