(ភ្នំពេញ)៖ ក្រោយបញ្ចប់រដូវកាល ឆ្នាំ២០២៤/២៥ មិនទាន់បាន ១សប្ដាហ៍ស្រួលបួលផង គេឃើញក្រុមជើងឯកលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង និងក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ភ្នំពេញក្រោន បានបង្ហាញព័ត៌មានដ៏ភ្ញាក់ផ្អើលមួយ សម្រាប់អ្នកគាំទ្រពាក់ព័ន្ធនឹងកីឡាករ ដោយក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀង បាននាំចូលសមាជិកថ្មី ២រូប ស្របពេលភ្នំពេញក្រោន នឹងត្រូវបាត់បង់កីឡាករសំខាន់ ២រូបផងដែរ។
សម្រាប់ក្លិបព្រះខ័នរាជស្វាយរៀង គឺបាននាំចូលកីឡាករខ្មែរ ២រូប រួមមានកីឡាករ ចន្ថា ចន្ទាកា ផ្ទេរមកពីក្លិបបឹងកេត និងកីឡាករ សុផល ឌីម៉ង់ ផ្ទេរមកពីក្លិបអង្គរថាយហ្គឺរ។ ការផ្ទេរនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់ក្លិប មានការពេញចិត្ត ដ្បិតអ្នកទាំងពីរ សុទ្ធតែជាកីឡាករល្អ ហើយសង្ឃឹមថា ពួកគេនឹងអាចរួមចំណែកពង្រឹងភាពខ្លាំងរបស់ក្លិប នារដូវកាលថ្មីខាងមុខ ដែលព្រះខ័នរាជស្វាយរៀង នឹងត្រូវលេងពានជាច្រើន ទាំងក្នុង និងក្រៅប្រទេស។
ទន្ទឹមជាមួយការចូលរួមជាមួយក្រុមជើងឯកលីគកំពូលកម្ពុជា និងជាជើងឯករងពាន AFC Challenge League 2024/25 នេះដែរ ទាំង ចន្ថា ចន្ទាកា និង សុផល ឌីម៉ង់ សុទ្ធតែបានសម្ដែងនូវការសប្បាយចិត្ត ដោយរំពឹងការផ្លាស់ប្ដូរទ្រនំថ្មីនេះ នឹងអាចជំរុញឲ្យពួកគេឲ្យកាន់តែរីកចម្រើន ក៏ដូចជាទទួលបានជោគជ័យថ្មីៗក្នុងអាជីពបាល់ទាត់ ពិសេសគឺការឈានទៅសម្រេចក្ដីស្រម៉ៃឈ្នះពាន ទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាការអភិវឌ្ឍសមត្ថភាព ដើម្បីសម្រេចគោលដៅទៅលេងក្រៅស្រុកជាដើម។
ក្រឡេកទៅចាប់អារម្មណ៍ ក្លិបភ្នំពេញក្រោនវិញ នឹងត្រូវបាត់បង់កីឡាករចូលសញ្ជាតិ ២រូប គឺកីឡាករ Yudia Ogawa និងកីឡាករ Andres Neito ។ បច្ចុប្បន្នក្លិបបានប្រកាសពីការត្រៀមចាកចេញរបស់ Yudia ជាផ្លូវការហើយ នៅឡើយតែ Netio ដែលក្លិបមិនទាន់ប្រកាស ។ យ៉ាងណាមិញសមាខ្លួនផ្ទាល់ គឺម្ចាស់ពានស្បែកជើងមាស និងពានកីឡាករល្អប្រចាំលីគកំពូលកម្ពុជា Neito បានអះអាងហើយថា រូបគេនឹងត្រូវចាកចេញពីក្លិបភ្នំពេញក្រោន។
ដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្រក្រុមសិង្ហក្រហម ហាក់មានការសោកស្ដាយ ដ្បិតពួកគេ គឺជាកម្លាំងដ៏សំខាន់ ដែលបានរួមចំណែកជួយក្រុមរយៈពេលជាកន្លះទសវត្សរ៍កន្លងមក ។ យ៉ាងណាពួកគេចាត់ទុកនេះ គឺជារឿងធម្មតានៃបាល់ទាត់ ដែលតែងមានការផ្លាស់ប្ដូរ ហើយសង្ឃឹមថា ក្លិបនឹងជ្រើសរើសបានកីឡាករកាន់តែល្អ ដើម្បីមកពង្រឹងក្រុមសម្រាប់ត្រៀមធ្វើការប្រកួតប្រជែង នារដូវកាលថ្មី ទាំងពានរង្វាន់ថ្នាក់ជាតិ និងអន្ដរជាតិផងដែរ៕