(ឡុងដ៏)៖ ប៉ូលីសអង់គ្លេសបានដាក់ការសង្ស័យទៅលើបុរសមានវ័យ ៥៣ឆ្នាំម្នាក់ដែលត្រូវបានចាប់ខ្លួនពីបទប៉ុនប៉ងមនុស្សឃាត ក្នុងករណីបើកបររថយន្តបុកហ្វូងអ្នកគាំទ្រ Liverpool ក្នុងការដង្ហែរក្បួនអបអរការឈ្នះពាន Premier League ដែលករណីនេះបង្ហាញតួរលេខថ្មីថាបណ្តាលឲ្យរងរបួសជាង ៥០នាក់។

ប៉ូលិសបាននិយាយថា ជនរងគ្រោះចំនួន ១១នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាលពីថ្ងៃអង្គារ ដោយបានបន្ថែមថា ពួកគេទាំងអស់ហាក់ដូចជាបានជាសះស្បើយឡើងវិញហើយផងដែរ ។ មន្ត្រីប៉ូលិសអង់គ្លេសជឿថា ឧបទ្ទវហេតុនៅកណ្តាលទីក្រុង Liverpool ដែលប្រមូលផ្តុំគ្នាកាលពីថ្ងៃចន្ទ គឺ មិនមែនជាអំពើភេរវកម្មទេនោះទេ ។

ពួកគេបាននិយាយថា បុរសវ័យ ៥៣ឆ្នាំបានបើកបរថយន្តម៉ាក់ Ford Galaxy ពណ៌ប្រផេះ ដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ ត្រូវបានគេជឿថា បានព្យាយាមបើកតាមរថយន្តសង្គ្រោះបន្ទាន់ ចូលទៅក្នុងហ្វូងអ្នកគាំទ្រនៅពេលដែលរបាំងផ្លូវត្រូវបានលើក ដើម្បីអនុញ្ញាតឱ្យក្រុមគ្រូពេទ្យជួយដល់ជនរងគ្រោះ ដែលសង្ស័យថាមានបញ្ហាគាំងបេះដូង ។

រំលឹកផងថា ការដង្ហែរក្បួនអបអរនេះធ្វើឡើងក្រោយពេល Liverpool ឈ្នះពានលីគអង់គ្លេសរដូវកាល២០២៤-២៥ បន្ទាប់ពីការឈ្នះពានកាលពីរដូវកាល២០១៩-២០ ដោយបញ្ចប់ការរង់ចាំរយៈពេល ៣០ឆ្នាំរបស់ពួកគេ ប៉ុន្តែអ្នកគាំទ្រមិនអាចអបអរសាទរបានទេនាពេលនោះ ដោយសារតែការជំងឺរាតត្បាត COVID-19 ៕