(បរទេស)៖ តាមការចេញផ្សាយដោយ CNA នៅមុននេះបន្តិចបានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សជប៉ុន Toyta គ្រោងនឹងផ្លាស់ប្តូរការផលិតរថយន្តស្ព័រ GR Corolla របស់ខ្លួនទៅកាន់ប្រទេសអង់គ្លេស ហើយនឹងចំណាយប្រាក់ប្រហែល ៥៦ លានដុល្លារលើខ្សែសង្វាក់ផលិតកម្មនៅទីនោះ ដើម្បីបង្កើតការនាំចេញសម្រាប់អាមេរិកខាងជើង។

ដកស្រង់ចេញពីប្រភពមិនបញ្ចេញឈ្មោះបានឱ្យដឹងថា តាមរយៈការផ្លាស់ប្តូរផលិតកម្មមួយចំនួនពីប្រទេសជប៉ុន ក្រុមហ៊ុន Toyota មានគោលបំណងប្រើប្រាស់សមត្ថភាពលើសនៅក្នុងចក្រភពអង់គ្លេស ដើម្បីជួយកាត់បន្ថយពេលវេលារង់ចាំសម្រាប់រថយន្ត។ ពួកគេបាននិយាយថា ការផ្លាស់ប្តូរទាំងនេះមិនមានប្រតិកម្មចំពោះពន្ធរបស់ប្រធានាធិបតី Donald Trump លើការនាំចូលរថយន្តនោះទេ។ ប៉ុន្តែតាមឃើញជាក់ស្តែងវាអាចជាប់ទាក់ទងនឹងពន្ធនោះដែរ ខណៈរដ្ឋបាល Trump បានយល់ព្រមក្នុងខែនេះដើម្បីកាត់បន្ថយពន្ធលើការនាំចូលរថយន្តពីចក្រភពអង់គ្លេសមកត្រឹម ១០ ភាគរយសម្រាប់រថយន្តរហូតដល់ ១០០,០០០ គ្រឿងក្នុងមួយឆ្នាំ។ ស្របពេលដែលប្រទេសជប៉ុន ​បាន​រង​ការ​វាយ​ប្រហារ​ដោយ​ការ​យក​ពន្ធ​រថយន្ត​ចំនួន២៥ ភាគរយ​ឯណោះ។

ជាការឆ្លើយតបទៅនឹងសំណួររបស់ Reuters ក្រុមហ៊ុន Toyota បាននិយាយថា ខ្លួនតែងតែស្វែងរកមធ្យោបាយដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ជាក់ស្តែងបច្ចុប្បន្ននេះ Toyota ផលិតរថយន្ត GR Corolla នៅប្រទេសជប៉ុនសម្រាប់ទីផ្សារជប៉ុន និងសម្រាប់នាំចេញទៅអាមេរិកខាងជើង និងទីផ្សារផ្សេងទៀត។ ប៉ុន្តែការផលិតនោះហាក់មិនអាចផ្គត់ផ្គង់ទាន់​​តម្រូវ​ការ​នៅ​អាមេរិក​ខាង​ជើង​នោះ​ទេ ដោយសារវាមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរថយន្តដែលប្រើសាំងពីអ្នកប្រើប្រាស់នៅទីនោះ។

គួរជម្រាបថា ការផ្លាស់ប្តូរផលិតកម្មនេះ នឹងមានទីតាំងនៅរោងចក្រ Burnaston ក្នុងទីក្រុង Derbyshire ហើយ Toyota នឹងមានសមត្ថភាពផលិតរថយន្តចំនួន ១០,០០០ គ្រឿងក្នុងមួយឆ្នាំសម្រាប់ការនាំចេញទៅកាន់អាមេរិកខាងជើងចាប់ពីពាក់កណ្តាលឆ្នាំ២០២៦៕