(ភ្នំពេញ)៖ ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនបង្កើតដោយសហគ្រិនខ្មែរ ពីមួយឆ្នាំទៅមួយឆ្នាំៗ ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដ៏ធំនៅកម្ពុជានេះ តែងតែវិនិយោគលើយុទ្ធសាស្ត្រគោល គឺធ្វើយ៉ាងណាអភិវឌ្ឍផលិតផល «Made in Cambodia» ឱ្យដើរតាមស្តង់ដារគុណភាពខ្ពស់ រហូតទទួលបានមេដាយលំដាប់កំពូល Crystal Prestige Trophy ដ៏កម្រ មានដាប់ឈ្មោះក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលទើបទទួលបានពីស្ថាប័នអន្តរជាតិ Mode Selection ថ្មីៗ ក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំលំដាប់ពិភពលោក ក្រោមការចូលរួមពីបណ្ដាក្រុមហ៊ុនល្បីៗមកពីជាង ១០០ប្រទេស ជួបជុំគ្នា នាទឹកដីសហគមន៍អឺរ៉ុប។

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា «ខ្ញុំបាទពិតជាមោទនភាព និងរំភើបហួសពីការថ្លែង ក្នុងនាមជាសហគ្រិនខ្មែរ ដែលអាចនាំយកម៉ាកយីហោក្រុមហ៊ុនកូនខ្មែរ និងផលិតផល Made in Cambodia ឡើងលើឆាកអន្តរជាតិ រយៈពេល១០ឆ្នាំជាប់ៗគ្នា»។ មិនតែប៉ុណ្ណោះ បេសកកម្មដ៏សំខាន់មួយរបស់ ខ្មែរ ប៊ែវើរីជីស គឺដើម្បីទៅសិក្សាបន្ថែមពីក្រុមហ៊ុនអន្តរជាតិទាំង៣ ដែលជាដៃគូផ្គត់ផ្គង់មានអាយុកាលរាប់រយឆ្នាំ គឺដើម្បីសិក្សាពី Best Practices ស្វែករកចំណុចខ្លាំង ដុសខាត់ធនធាន ធ្វើយ៉ាងណាឲ្យក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស អាចនៅឈរជើងរាប់រយឆ្នាំទៅមុខ។

ចក្ខុវិស័យវែងឆ្ងាយ! នៅក្នុងដំណើរហោះទៅទទួលយកមេដាយមាស និងមាសកំពូល (Gold and Grand Gold Awards) ពីស្ថាប័នវាយតម្លៃលើគុណភាពពិភពលោក Monde Selection លើកនេះ អ្នកឧកញ៉ា លាង ម៉េង និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានធ្វើដំណើរទៅសិក្សា និងស្វែងយល់ពីបច្ចេកវិទ្យាទំនើបៗចុងក្រោយនៅក្នុងក្រុមហ៊ុន ADM ដែលជាក្រុមហ៊ុនផ្គត់ផ្គង់រសជាតិ និងគ្រឿងផ្សំដ៏ធំបំផុតមួយ សម្រាប់ការប្រើប្រាស់ក្នុងឧស្សាហកម្មភេសជ្ជៈ និងចំណីអាហារ ឈានមុខគេលើពិភពលោកផ្នែកអាហារូបត្ថម្ភ ដោយ ខ្មែរ ប៊ែវើរីជីស បានសហការជាដៃគូនាំយកគ្រឿងផ្សំក្នុងការផលិតភេសជ្ជៈ។ រួមទាំងទៅក្រុមហ៊ុន Kersia ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់សុវត្ថិភាពផ្នែកជីវសាស្ត្រ ធ្វើឱ្យម្ហូបអាហារ និងភេសជ្ជៈ ស្អាតមានអនាម័យល្អ។ ព្រមទាំងក្រុមហ៊ុន Barthaas ដែលជាក្រុមហ៊ុនដៃគូផ្គត់ផ្គង់ផ្កាហប់លំដាប់ពិភពលោក មានរោងចក្រនៅសហរដ្ឋអាមេរិក អូស្ត្រាលី និង អឺរ៉ុប។

គោលបំណងតែមួយគត់ គឺដើម្បីនាំយកចំណេះដឹងទាំងនោះមកច្នៃប្រឌិត បង្កើតផលិតផលថ្មីៗ ដែលមានគុណភាពខ្ពស់ មកអភិវឌ្ឍន៍ក្រុមហ៊ុនកូនខ្មែរ ខ្មែរ ប៊ែវើរីជីស ឲ្យឈានដល់ដំណាក់កាលលំដាប់អន្តរជាតិ និងឈរជើងបានយូរអង្វែង រាប់រយឆ្នាំ។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានបង្ហើបដែរចំពោះទស្សនកិច្ច គឺទទួលបានចំណេះដឹងបន្ថែមច្រើន យល់ដឹងពីបច្ចេកវិទ្យាទំនើបជំនាន់ថ្មីចុងក្រោយ ពីក្រុមហ៊ុនមួយ ដើម្បីមកបង្កើតនូវផលិតផលថ្មី ឲ្យទាន់សម័យកាលសម្រាប់អតិថិជននៅកម្ពុជា៕

រោងចក្រលំដាប់ពិភពលោក ខ្មែរ ប៊ែវើរីជីស World-class Quality!៕