(ភ្នំពេញ)៖ ស្ថាប័នធំៗចំនួន ៥ រួមមានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ, សហព័ន្ធគុនខ្មែរអន្ដរជាតិ, សហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីង, ស្ថាប័ន IPCC ប្រចាំកម្ពុជា និងស្ថានីយ៍ទូរទស្សន៍ថោន បានសហការគ្នាទ្រង់ទ្រាយធំ ដើម្បីរៀបចំ និងបញ្ជូនប្រតិភូកីឡាគុនខ្មែរ ទៅប្រកួតតាមបណ្ដាប្រទេសធំៗជាច្រើន ក្នុងឆ្នាំ២០២៥ នេះ ពិសេសបេសកកម្មចំពោះមុខ នៅប្រទេសចិន នាថ្ងៃទី៣០ ខែឧសភា និងប្រទេសបារាំង នាថ្ងៃទី២៨ ខែមិថុនាខាងមុខ។

នេះបើតាមការបញ្ជាក់របស់លោក ថមមី គីម តំណាងស្ថាប័ន IPCC នៅកម្ពុជា និងជាទីប្រឹក្សាទូរទស្សន៍ថោន នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការដឹកនាំកីឡាករគុនខ្មែរ ចេញទៅប្រកួតនៅប្រទេសចិន និងប្រទេសបារាំង កាលពីថ្ងៃទី២៧ ខែឧសភា ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ស្ថាប័នទាំង ៥ ពិសេសថ្នាក់ដឹកនាំសហព័ន្ធគុនខ្មែរជាតិ និងអន្ដរជាតិ ក៏ដូចជាកីឡាឃីកបុកស៊ីង សុទ្ធតែបានគាំទ្រចំពោះព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។

លោក ថមមី គីម បានលើកឡើងថា នេះគឺជាភាពអស្ចារ្យមួយទៀត ដែលស្ថាប័នពាក់ព័ន្ធធំៗ បានរួមគ្នាជំរុញការផ្សព្វផ្សាយគុនខ្មែរ ទៅកាន់ពិភពលោក ជាក់ស្ដែងក្រៅពីការអញ្ជើញកីឡាករខ្លាំងៗមកពីបណ្ដាប្រទេសលើពិភពលោក មកប្រកួតគុនខ្មែរនៅកម្ពុជា ឆ្នាំនេះ ស្ថានីយ៍ទូរទស្សន៍ថោន មានផែនការបញ្ជូនកីឡាករទៅប្រកួតនៅប្រទេសធំៗជាច្រើន ដូចជាចិន បារាំង អាមេរិក អូស្ដ្រាលី កូរ៉េ ជប៉ុន អាល្លឺម៉ង់ និងកាណាដាជាដើម ដើម្បីផ្សព្វផ្សាយគុនខ្មែរផង និងអភិវឌ្ឍន៍ធនធានកីឡាករកម្ពុជាផង។

ទន្ទឹមជាមួយការផែនការចេញប្រកួតក្រៅប្រទេសដ៏ច្រើននេះ ក្នុងនាមដៃគូអភិវឌ្ឍន៍គុនខ្មែរ ថោនក៏បានផ្ដល់ឱកាសដល់កីឡាករជំនាន់ថ្មី ដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីមានឱកាសចេញទៅប្រកួត និងបង្ហាញសមត្ថភាពលើឆាកអន្ដរជាតិផងដែរ ជាក់ស្ដែងដំណើរទៅប្រកួតនៅចិនខែនេះ ក្នុងចំណោមបេក្ខភាពកីឡាករ ១០រូប (គុនខ្មែរ ៥រូប និងឃីកបុកស៊ីង ៥រូប) ក៏មានកីឡាករវ័យក្មេងមួយចំនួនដែរ ក្នុងគោលបំណងអភិវឌ្ឍន៍ពួកគេ ឲ្យក្លាយជាអ្នកបន្ដវេនដ៏មានសក្ដានុពលទៅថ្ងៃអនាគត។

ការផ្ដល់ឱកាសនេះ មិនទាមទារការឈ្នះដាច់ខាតនោះទេ តែអ្វីដែលថ្នាក់ដឹកនាំចង់បាន គឺការខំប្រឹងឲ្យអស់ពីសមត្ថភាព ទោះបីឈ្នះ ឬចាញ់ ក៏ដោយ ហើយយុទ្ធសាស្ដ្រនេះ នឹងត្រូវធ្វើជាបន្ដបន្ទាប់ ទោះបីបញ្ជូនលើកទី១ ពុំទទួលបានជោគជ័យ ក៏នឹងបន្ដផ្ដល់ឱកាសដល់ពួកគេ រហូតទទួលបានជ័យជម្នះ ។ នេះគឺជាចក្ខុវិស័យដ៏វែងឆ្ងាយរបស់ថោន ក៏ដូចជាសហព័ន្ធ និងស្ថាប័នពាក់ព័ន្ធ ហើយលោកសង្ឃឹមថា កីឡាករទាំងអស់ នឹងក្ដោបយកឱកាសនេះ ដើម្បីអភិវឌ្ឍន៍សមត្ថភាព និងឆ្ពោះទៅរកភាពជោគជ័យ។ លោក ថមមី គីម បន្ថែម។

គួរដឹងថា គណៈប្រតិភូកីឡាប្រដាល់គុនខ្មែរ ដែលត្រូវដឹកនាំកីឡាករគុនខ្មែរ ៥រូប និងឃីកបុកស៊ីង ៥រូប ទៅប្រកួតនៅលើសង្វៀន HEROIC KUNG FU ប្រទេសចិន នឹងត្រូវចេញដំណើរ នៅថ្ងៃទី២៨ ខែឧសភានេះ ។ ចំពោះបេក្ខភាពកីឡាករគុនខ្មែរ និងកម្មវិធីប្រកួត រួមមាន៖ ហុងកង គុនខ្មែរ ជួបកីឡាករ Li Bo Lin, កីឡាករ ឡុង អាឆើត ជួបកីឡាករ Yang Kun, កីឡាករ រិគី ចៅម៉ែ ជួបកីឡាករ Lu Chang Hui, កីឡាករ សូត្រ វាសនា ត្រូវជួបកីឡាករ Sie Bo និងកីឡាករ ឯម ឡេងលី ជួបកីឡាករ Zeng Dong Cuai ។ រីឯបេក្ខភាពប្រកួតឃីកបុកស៊ីងវិញ គឺមានកីឡាករ គោរមៈ ច័ន្ទរាជ ជួបកីឡាករ Mo Xue Jei, កីឡាករ សោម វិច្ឆ័យ ជួបកីឡាករ Yu Jing Kun, កីឡាករ ម៉ឺន មេឃា ជួបកីឡាករ Lei Hao, កីឡាករ សំណាង ចុងក្រោយ ជួបកីឡាករ Qian Teng Yuan និងកីឡាករ ហាត ភី ជួបកីឡាករ Zhang Run ៕