(ភ្នំពេញ)៖ លោកស្រី ស្រ៊ុន គីមណាយ (Kimnay Srun) នាយិកាហិរញ្ញវត្ថុនៃ Borey Mekong Land ត្រូវបានជ្រើសរើសឱ្យទទួលពានរង្វាន់ Great Leadership “ASIA PRESTIGE 50 Under 50 CEO EXCELLENCE AWARD 2025” ដែលបានរៀបចំឡើងកាលពីរាត្រីថ្ងៃសៅរ៍ ទី២៤ ខែឧសភា ២០២៥ នៅសណ្ឋាគារ Hyatt Regency Phnom Penh។
លោកស្រី ស្រ៊ុន គីមណាយ បានបញ្ជាក់ថា ពានរង្វាន់នេះ មិនមែនជាសំណាង ឬជាអ្វីដែលមកដោយចៃដន្យទេ។ វាជាលទ្ធផលនៃការខិតខំអភិវឌ្ឍន៍ខ្លួន និងការប្ដេជ្ញាជាប្រចាំក្នុងការនាំអាជីវកម្មឲ្យរីកចម្រើន ដោយគាំទ្របុគ្គលិក និងបង្កើតតម្លៃជាសាធារណៈ។
លោកស្រីបន្តថា «ការគ្រប់គ្រងក្រុមមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែបើគណនាចេញពីភាពជឿជាក់លើសមត្ថភាពបុគ្គលិក ការចេះស្ដាប់ និងការកំណត់គោលដៅច្បាស់លាស់ ធ្វើឱ្យពួកគេចូលរួមយ៉ាងសកម្មជាមួយយើង ដើម្បីឈានទៅរកជោគជ័យរួមគ្នា»។
កម្មវិធីនេះមានតម្លាភាព និងផ្តល់ឱកាសដល់សហគ្រិនវ័យក្មេងជាច្រើនក្នុងតំបន់អាស៊ី ដើម្បីបង្ហាញពីសមត្ថភាពនិងការងារផ្ទាល់ខ្លួន។ វាជាការលើកទឹកចិត្តដ៏សំខាន់មួយ សម្រាប់អ្នកដឹកនាំកម្ពុជា ឱ្យក្លាយជាគំរូល្អនៅលើវេទិកាអន្តរជាតិ ។
គួរកត់សម្គាល់ថា ពានរង្វាន់ “ASIA PRESTIGE 50 Under 50 CEO EXCELLENCE AWARD 2025” ត្រូវបានជ្រើសរើសសហគ្រិនឆ្នើមមកពីប្រទេសផ្សេងៗគ្នាចំនួន២៦ប្រទេស និងមានចំនួន៥០រូប ដើម្បីមកទទួលពានរង្វាន់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួងស្ថាប័នរដ្ឋមួយចំនួននៅក្នុងប្រទេសកម្ពុជា ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងទេសចរណ៍ និងសមាគមធុរកិច្ចជាច្រើនទៀត ។
តាមរយៈពានរង្វាន់នេះដែរ មិនត្រឹមតែជាកិត្តិយសសម្រាប់បុគ្គលឬក្រុមហ៊ុនផ្ទាល់របស់ម្ចាស់ជ័យលាភីនោះទេ តែវាក៏ជាកិត្តិយសសម្រាប់ប្រទេសជាតិទាំងមូលផងដែរ ដោយកម្មវិធីប្រកួតប្រជែងពានរង្វាន់នេះ មានអ្នកដាក់ពាក្យចូលរួមរហូតជិត២០០០នាក់ មកពីប្រទេសចំនួន៣៩ ប៉ុន្តែចុងក្រោយ សម្រេចយកតែ៥០រូបប៉ុណ្ណោះ មកពី២៦ប្រទេស ដើម្បីមកទទួលពានដែលរៀបចំឡើងនៅ ព្រះរាជាណាចក្រកម្ពុជា ៕