(បរទេស)៖ យោងតាមរបាយការណ៍ពី Financial Time បានឲ្យដឹងថា ក្រុមហ៊ុន Trump Media & Technology Group (TMTG) ដែល​ជា​ក្រុមហ៊ុន​ម្ចាស់​បណ្តាញ​សង្គម Truth Social និង​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រធានាធិបតី​អាមេរិក Donald Trump នោះ ត្រូវបានរាយការណ៍មកថា កំពុងរៀបចំរៃអង្គាសប្រាក់​ឲ្យបាន​ចំនួន ៣ពាន់​លាន​ដុល្លារ ដើម្បី​វិនិយោគ​នៅក្នុង​ រូបិយប័ណ្ណ​ឌីជីថល ដូចជា Bitcoin។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។

ទឹកប្រាក់ចំនួន ៣ពាន់លានដុល្លារ​នេះ​នឹង​មាន​ចំនួន ២ពាន់លាន​ដុល្លារ មក​ពី​ការ​លក់​ភាគហ៊ុន​ថ្មី និង ១ពាន់លាន​ដុល្លារតាមរយៈ​ប្រាក់កម្ចី​ដែល​អាច​បម្លែង​ជា​ភាគហ៊ុន​បាន។ គម្រោង​នេះ ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញពី​គោលបំណង​របស់​លោក​ត្រាំ ក្នុង​ការ​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​ក្លាយជា​ «រដ្ឋធានី​គ្រប់គ្រង​រូបិយប័ណ្ណ​ឌីជីថល» នៃ​ពិភពលោក។ ការប្រកាសនេះ​ ត្រូវបានគេរំពឹង​ថា​នឹង​ធ្វើមុន​ព្រឹត្តិការណ៍​សន្និបាត​ធំបំផុត​មួយ​ទាក់ទង​នឹង Bitcoin នៅ​ទីក្រុង Las Vegas ដែល​ត្រូវបាន​គេរំពឹង​ថា​នឹង​មាន​វាគ្មិន​សំខាន់ៗ​មក​ពី​គ្រួសារ Trump រួម​មាន JD Vance និង​កូនប្រុស​របស់​លោក Trump (Donald Jr. និង Eric)។

តម្លៃ​ទីផ្សារ​បច្ចុប្បន្ន​របស់ TMTG ត្រូវបានគេដឹងថាស្ថិតនៅ​ប្រហែល ៦ពាន់លានដុល្លារ និង​ភាគហ៊ុន​មាន​តម្លៃប្រមាណ ២៥.២ដុល្លារក្នុងមួយហ៊ុន។ ទោះបីគម្រោងមួយនេះ មាន​ការ​ចាប់​អារម្មណ៍​ពីអ្នក​វិនិយោគ តែគេក៏បារម្ភ​ដែរ ​អំពី​ការ​ប៉ះពាល់​ផ្នែក​នយោបាយ និង​ការ​ប៉ះពាល់​ដល់​ផ្លូវ​ច្បាប់ ដោយសារ​គ្រួសារ Trump កាន់តែ​ចូលរួម​ធ្វើ​អាជីវកម្ម​ក្នុងវិស័យ​រូបិយប័ណ្ណ​ឌីជីថល។

ជុំវិញការចេញផ្សាយរបាយការណ៍ខាងលើ Trump Media Group បានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយ ទាំងពីររ៉យទ័រ និង Financial Time ថា «ព័ត៌មានក្លែងក្លាយ» ខណៈសេតវិមានមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕