(ភ្នំពេញ)៖ ក្លិបបាល់ទាត់ វិសាខា បានប្រកាសកីឡាករចំណូលថ្មីដំបូង គឺកីឡាករកូនកាត់ខ្មែរ-បារាំង Loic Chan ដើម្បីពង្រឹងក្រុមត្រៀមរដូវកាលថ្មី ឆ្នាំ២០២៥/២៦ ខាងមុខ។ នេះបើយោងតាមការជូនដំណឹងផ្លូវការរបស់ក្លិប នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។

ខ្សែបម្រើប្រយុទ្ធវ័យ ២០ឆ្នាំរូបនេះ មានឪពុកជាជនជាតិខ្មែរ និងម្ដាយជាជនជាតិបារាំង ដែលបានផ្ដើមហ្វឹកហាត់ និងធ្លាប់ប្រកបអាជីពជាមួយក្រុមយុវជនរបស់ក្លិប RCD Mallorca នៅប្រទេសអេស្ប៉ាញថែមទៀតផង។

ក្រោយបង្ហាញទេពកោសល្យដ៏ប៉ិនប្រសប់លើទីលាន កាលពីឆ្នាំ២០២៣ កន្លងទៅ Loic Chan ក៏ត្រូវបានកោះហៅប្រមូលផ្ដុំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ U23 កម្ពុជា ដើម្បីត្រៀមការប្រកួតពានរង្វាន់ AFF U23 Championship 2023 ។ ប៉ុន្ដែសោកស្ដាយ ដោយសារលក្ខណៈឯកសារមិនគ្រប់គ្រាន់ បានធ្វើឲ្យយុវជនកូនកាត់រូបនេះ ខកខានជួយក្រុមជម្រើសជាតិវិញ។

យ៉ាងណាក្ដីកំឡុងនៃការប្រមូលផ្ដុំហ្វឹកហាត់ ដែលដឹកនាំដោយអតីតគ្រូបង្វឹកលោក Felix Dalmas កីឡាករវ័យក្មេងដដែល ធ្លាប់ត្រូវបានគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន ធ្វើការកោតសរសើរ ចំពោះសមត្ថភាព និងបច្ចេកទេសដ៏ប៉ិនប្រសប់របស់គេ ទោះបីគេមិនទាន់ស៊ាំនឹងអាកាសធាតុក៏ដោយ។

ដូច្នេះតាមការផ្ទេរមកកក្លិបបាល់ទាត់ វិសាខា ដើម្បីប្រកបអាជីពបាល់ទាត់លើកដំបូងលើទឹកដីកំណើតរបស់ឪពុកខ្លួននេះ នឹងក្លាយជាឱកាសសម្រាប់រូបគេបង្ហាញសមត្ថភាព ក៏ដូចជាមានឱកាសជួយក្រុមជម្រើសជាតិកម្ពុជា ដែលជាក្ដីស្រម៉ៃរបស់ខ្លួនតាំងពីតូច រួមទាំងក្រុមគ្រួសារ ដែលចង់ឲ្យ Loic Chan លេងឲ្យក្រុមជម្រើសជាតិកម្ពុជាផងដែរ៕