(គូឡាឡាំពួរ)៖ ក្រុមតារាបាល់ទាត់អាស៊ាន(ASEAN All Stars) បានយកឈ្នះក្លិប Manchester United ដោយលទ្ធផល ១-០ ក្នុងជំនួបមិត្តភាពអន្ដរជាតិ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីរាត្រីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ។

ក្នុងជំនួបមិត្តភាពប្រវត្តិសាស្ដ្រលើទឹកដីអាស៊ាននេះដែរ គេឃើញកីឡាករប្រកបអាជីពនៅក្របខណ្ឌលីគកំពូលកម្ពុជា (CPL)ទាំង ៤រូប សុទ្ធតែបានបង្ហាញខ្លួន និងបង្ហាញនូវទម្រង់ដ៏ល្អ រហូតទទួលបានការកើតសរសើរពីអ្នកគាំទ្រ ពិសេសកីឡាករ កាន់ ម៉ូ សមាជិកក្រុមវិសាខា និងកីឡាករ ឃូលីបាលី សមាជិកក្រុមអង្គរថាយហ្គឺរ ដែលបានចូលរួមក្នុងនាមកីឡាករជម្រើសជាតិកម្ពុជា និងជាប់ជម្រើស ១១នាក់ដំបូង។

រីឯកីឡាករពី CPL ២រូបទៀត គឺមានកីឡាករ Bounphachan Bounkong សមាជិកក្រុមព្រះខ័នរាជស្វាយរៀង ចូលរួមក្នុងនាមកីឡាករជម្រើសជាតិឡាវ និងកីឡាករ Jaoa Pedro សមាជិកក្រុមអង្គរថាយហ្គឺរ ចូលរួមក្នុងនាមកីឡាករជម្រើសជាតិទីម័រខាងកើត ។ ចំពោះគ្រាប់បាល់ជ័យជម្នះរបស់ក្រុម ASEAN All Stars លើក្លិបបិសាចក្រហមខាងលើ ធ្វើសម្រេចដោយកីឡាករមីយ៉ាន់ម៉ា Maung Maung Lwin នៅនាទី៧១។

គួរដឹងថា ជំនួបមិត្តភាពអន្ដរជាតិ ទល់នឹងក្លិប Manchester United នេះ ដឹកនាំដោយគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងលោក Kim Sang-Sik ដែលបច្ចុប្បន្នជាគ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម ដោយលោកបានកោះហៅកីឡាករគ្រប់បណ្ដាប្រទេសក្នុងតំបន់អាស៊ាន រួមទាំងអូស្ដ្រាលី ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ និងធ្វើការប្រកួត ក្រោមការសម្របសម្រួលដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍៕