(អឺរ៉ុប)៖ Chelsea ជាក្រុមដំបូងគេដែលឈ្នះពានរង្វាន់លីគទាំង៥ ក្នុងក្របខណ្ឌអឺរ៉ុប UEFA បន្ទាប់ពីបានឈ្នះពានរង្វាន់ UEAF Conference League 2024-25 ពីការយកឈ្នះក្រុម Real Betis ៤-១ ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់លំដាប់ទី៣ ដែលស្ថិតក្រោមការដឹកនាំដោយលោក Enzo Maresca ។
អ្នកចាត់ការក្លិប Chelsea លោក Enzo Maresca បានប្រាប់ TNT Sport ថា «លោកពិតជាសប្បាយចិត្តខ្លាំងណាស់ នឹងមានការខកចិត្តបន្តិចនៅក្នុងតង់ទី១ ពីព្រោះបានគិតថាយើងបានដាក់ទម្រង់លេងក្នុងការប្រកួតនេះដោយវិធីខុសមួយ នៅតង់ទីពីរ យើងពិតជាលេងបានល្អ» ។
ខណៈតាមរយៈលទ្ធផលនេះ ក៏មិនមានឥទ្ធិពលណាមួយសម្រាប់ក្រុមទាំងសម្រាប់ការប្រកួតពានអឺរ៉ុបទី២ សម្រាប់រដូវកាលក្រោយឡើយ ដោយក្រុមតោខៀវ Chelsea ទទួលបានកៅអីក្នុងក្របខ័ណ្ឌ Champions League និង Real Betis បានកៅអី Europa League តាមរយៈចំណាត់ថ្នាក់លីគក្នុងស្រុករបស់ពួកគេ ។
Chelsea ជាក្រុមតែមួយនៅតំបន់អឺរ៉ុប ដែលឈ្នះពានទាំង ៥កម្មវិធីរបស់ UEFA មានពានរង្វាន់ UEFA Cup Winners' Cup, UEFA Super Cup, UEFA Champions League, UEFA Europa League, UEFA Conference League ក្លាយជាកំណត់ត្រាអស្ចារ្យជាងគេប្រចាំក្របខ័ណ្ឌលីគអឺរ៉ុប ។
ស្ថិតក្នុងការប្រកួតយកឈ្នះ Real Betis ៤-១ គឺជាការវាយបកបន្ទាប់ពីការនាំមុខនៅនាទី៩ របស់កីឡាករ Ezzalzouli ខណៈ ៤គ្រាប់ក្រុម Chelsea ធ្វើបានដោយកីឡាករ Enzo Fernandez, Nicolas Jackson, Jadon Sancho និង Moises Caicedo នាំឱ្យលោក Enzo Maresca ស្គាល់ការឈ្នះពានកម្រិតតំបន់លើកដំបូងក្នុងអាជីពគ្រូបង្វឹក ៕