(បរទេស)៖ ក្រុមហ៊ុន Nvidia ទើបតែបានប្រកាសអំពីការកើនឡើងនៃហានិភ័យពាក់ព័ន្ធនឹងអាជីវកម្មនៅប្រទេសចិន ជាពិសេសដោយសារការរឹតបន្តឹងផ្នែកនយោបាយនាំចេញឧបករណ៍ AI ពីសហរដ្ឋអាមេរិក។ ទោះបីជាមានបញ្ហាទាំងនេះកើតឡើងក៏ដោយ នាយកប្រតិបត្តិ Nvidia លោក Jensen Huang នៅតែបានកោតសរសើរចំពោះគោលនយោបាយមួយចំនួនរបស់លោកប្រធានាធិបតី Donald Trump ដែលគាត់ឃើញថា ជួយលើការរីកចម្រើនបច្ចេកវិទ្យា និងបន្ថយការរឹតត្បិតពីសំណាក់រដ្ឋាភិបាល។ នេះបេីតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។

ក្នុងរបាយការណ៍ហិរញ្ញវត្ថុថ្មីៗនេះ Nvidia បានរាយការណ៍ថា ការលក់បានកើនឡើងដល់ ៦៩%។ ទោះបីជាយ៉ាងណា ក្រុមហ៊ុនបានបញ្ជាក់ថា ការប្រកួតប្រជែងបច្ចេកវិទ្យារវាងអាមេរិក និងចិនកាន់តែតឹងរឹង។ ជាពិសេស ការរឹតបន្តឹងនាំចេញពីសហរដ្ឋអាមេរិកបានប៉ះពាល់ដល់សមត្ថភាពរបស់ Nvidia ក្នុងការលក់បន្ទះឈីប AI ប្រភេទ H20 ទៅចិន បណ្តាលឱ្យបាត់បង់ប្រាក់ចំណូលប្រមាណ ២.៥ ពាន់លានដុល្លារ ហើយអាចបន្តធ្លាក់ចុះដល់ ៨ពាន់លានដុល្លារ នៅត្រីមាសបន្ទាប់។ ការរឹតបន្តឹងនេះក៏ប៉ះពាល់ដល់ការប្រើប្រាស់ម៉ូឌែល AI បើកចំហរដូចជា DeepSeek និង Qwen នៅលើវេទិកា Nvidia ផងដែរ។

លោក Jensen Huang បានបង្ហាញយ៉ាងច្បាស់ពីការមិនយល់ស្របចំពោះគោលនយោបាយនាំចេញរបស់រដ្ឋាភិបាល Biden ដោយអះអាងថា នឹងអាចប៉ះពាល់ដល់ភាពដឹកនាំរបស់អាមេរិកក្នុងវិស័យ AI ដោយធ្វើឲ្យចិនបង្កើនការផលិតឯករាជ្យរបស់ខ្លួន។ លោកបានសរសើរចំពោះការដកហូតការរឹតត្បិតខ្លះៗរបស់រដ្ឋាភិបាល Trump ដោយសរសើរថា ជួយលើការរីកចម្រើនបច្ចេកវិទ្យា។

ទោះបីជាប្រឈមនឹងបញ្ហាជាច្រើននៅក្នុងទីផ្សារចិនក៏ដោយ Nvidia នៅតែមានតម្រូវការខ្ពស់ ដោយមានកិច្ចព្រមព្រៀងដ៏សំខាន់នៅតំបន់អាស៊ី និងមជ្ឈិមបូព៌ា។ ក្រុមហ៊ុនក៏កំពុងវិនិយោគយ៉ាងខ្លាំងលើផលិតកម្មក្នុងសហរដ្ឋអាមេរិកផងដែរ ដើម្បីសម្របខ្លួនឲ្យស្របនឹងគោលនយោបាយជាតិ។ អ្នកវិភាគជឿថា ទោះមានហានិភ័យផ្នែកភូមិសាស្ត្រនយោបាយក៏ដោយ តែយុទ្ធសាស្ត្រនិងការច្នៃប្រឌិតបន្តរបសល Nvidia នឹងអាចធ្វើឲ្យក្រុមហ៊ុនរីកចម្រើនបន្តបាន៕