(ភ្នំពេញ)៖ ម្ចាស់ពានរង្វាន់ CEO Excellence Award 2025 លោកអុឹង ប៊ុនឡុង អគ្គនាយកក្រុមហ៊ុន 7YHPS SOLUTION GROUP LTDបានចែករំលែកនូវគន្លឹះមួយចំនួនក្នុងការដឹកនាំក្រុមហ៊ុនដើម្បីឱ្យក្រុមហ៊ុនកាន់តែរីកចម្រើននិងបង្កលក្ខណៈបរិយាកាសការងារនៅក្នុងក្រុមហ៊ុន និងសង្គមជាតិកាន់តែមានភាពប្រសើរឡើង។
លោក អុឹង ប៊ុនឡុង ទទួលបានពានរង្វាន់ Great Leadership CEO Excellence Of The Year 2025 ដែលរៀបចំឡើងដោយស្ថាប័ន Asia Prestige 50 Under 50 CEO Excellence Award 2025 រួមជាមួយសហគ្រិនឆ្នើម៤៩រូបទៀត មកពី២៦ប្រទេសកាលពីរាត្រីថ្ងៃទីសៅរ៍ទី២៤ ខែឧសភា ២០២៥ ។
លោក ប៊ុនឡុង បានចែករំលែកនូវបទពិសោធន៍របស់ខ្លួនថា ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងឡាយគួរគិតគូរកត្តាមួយចំនួនក្នុងនោះ ត្រូវព្យាយាមធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ សុខភាព សុវត្ថិភាព និងបរិយាកាសនៅកន្លែងធ្វើការសម្រាប់បុគ្គលិករបស់ខ្លួនទៅតាមស្ថានភាពជាក់ស្ដែង ។មួយទៀតថ្នាក់ដឹកនាំក្រុមហ៊ុន ត្រូវយកចិត្តទុកដាក់ជាមួយបុគ្គលិក ប្រកបទៅដោយគុណធម៌ សីលធម៌ សុជីវធម៌ ព្រមទាំងមិនមានការបៀតបៀន ការរំលោភបំពានគ្រប់ទំរង់ទៅកាន់បុគ្គលិករបស់ខ្លួន នៅកន្លែងធ្វើការ ។
លោកបន្តថា ថ្នាក់ដឹកនាំគួរអប់រំណែនាំបុគ្គលិករបស់ខ្លួនឱ្យចេះសន្សំសំចៃរាល់ការប្រើប្រាស់ទឹក ភ្លើង អគ្គិសនី និងថាមពលផ្សេងៗនៅកន្លែងធ្វើការ ដើម្បីចូលរួមការពារការបំពុលបរិស្ថាន, ថ្នាក់ដឹកនាំក៏គួរតែអប់រំណែនាំបុគ្គលិករបស់ខ្លួនឱ្យចូលរួមការការពារភូមិឃុំ មានសុវត្ថិភាពដូចជាមិនលេងល្បែងស៊ីសងគ្រប់ប្រភេទ មិនប្រើប្រាស់សារធាតុញៀន គោរពច្បាប់ចរាចរណ៍ បើកបរមានការទទួលខុសត្រូវ ព្រមទាំងបើកបរមិនស្ថិតនៅក្នុងស្ថានភាពស្រវឹង និងចំណុចសំខាន់មួយទៀត ដែលថ្នាក់ដឹកនាំក្រុមហ៊ុនទាំងឡាយគួរធ្វើនោះ គឺអប់រំណែនាំបុគ្គលិករបស់ខ្លួនឱ្យចូលរួមថែរក្សាការពារ អនាម័យ សណ្ដាប់ធ្នាប់ នៅទីសាធារណៈ ដូចជាមិនចោលសំរាមផ្ដេសផ្ដាសជាដើម ។
គួរបញ្ជាក់ថាក្រុមហ៊ុន 7YHPS ជាក្រុមហ៊ុនបម្រើសេវាកម្មសន្តិសុខ ដើម្បីរួមចំណែកការពារសន្តិសុខ សណ្ដាប់ធ្នាប់ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ដែលបានផ្ដោតនិងយកចិត្តទុកដាក់លើ ភូមិឃុំ មានសុវត្ថិភាព និងបង្កើតការងារឱ្យប្រជាពលរដ្ឋធ្វើ ទៅតាមសមត្ថភាពដែលខ្លួនមាន និងដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ ដោយសហការជាមួយអតិថិជនដែលជាម្ចាស់ក្រុមហ៊ុនក្នុងស្រុក និងក្រុមបរទេស ដោយផ្ដល់សេវាកម្មប្រកបដោយគុណភាព សុវត្ថិភាព៕