(ខាឌីស)៖ លោក Craig Bellamy អ្នកចាត់ការទូទៅនៃក្រុមបាល់ទាត់ជម្រើសជាតិវ៉េល បាននិយាយថា រូបលោកមានសេចក្តីរីករាយ ក្នុងការផ្តល់ឱ្យកីឡាករវ័យក្មេងរបស់ក្លិប Manchester United គឺ Gabriels Biancheeri ស្វែងរកកៅអីលេងក្នុងជម្រើសជាតិ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា យុវជនដែលបានកើតនៅទីក្រុង Cardiff រូបនេះ បានចូលរួមលេងក្នុងឈុត U16 និង U19 របស់វ៉េលនាពេលកន្លងមក ដែលអាចលេងបានទាំងក្នុងជម្រើសជាតិកាណាដា និងអ៉ីតាលីផងដែរ ជាប្រទេសកំណើតរបស់ឪពុកម្តាយគេ។

លោក Bellamy បានថ្លែងថា «ខ្ញុំតែងតែសប្បាយរីករាយ នៅពេលឃើញគ្រប់គ្រប់គ្នាមានជម្រើស។ ពួកយើងមិនទាន់បានត្រៀមខ្លួនរួចរាល់នៅឡើយទេ ដោយស្ថិតក្នុងការចម្រាញ់ និងពិនិត្យល្អិតល្អន់សិន ចំពោះកីឡាករនានា»

ជារឿយៗ យុវជនវ័យទើបតែ ១៨ឆ្នាំ Biancheri តែងតែរកបានគ្រាប់បាល់រាល់ការបង្ហាញខ្លួនក្នុងឈុតយុវជនរបស់ United។ រូបគេបានទៅចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិវ៉េលកាលសប្តាហ៍មុន នៅជំរំហ្វឹកហាត់ក្នុងប្រទេសអេស្ប៉ាញ ក៏ប៉ុន្តែរូបគេពុំមានឈ្មោះក្នុងបញ្ជី ២៧នាក់របស់វ៉េល ត្រៀមលេងជម្រុះ World Cup 2026 ទល់នឹងលិចធិនស្ថាន និងប៊ែលហ្សិកនោះឡើយ។

ដើម្បីមានឈ្មោះលេង Biancheri ក៏បានទទួលការអញ្ជើញឱ្យចូលរួមហ្វឹកហាត់ក្នុងជំរំរបស់កាណាដា មុនជំនួបទល់នឹងអ៊ុយក្រែន និងកូដឌីវ័រ នៃជំនួបមិត្តភាពអន្តរជាតិនាខែក្រោយនេះវិញ៕