(បរទេស)៖ យោងតាមប្រធានក្រុមហ៊ុន Foxconn លោក Young Liu បានឱ្យដឹងថា ក្រុមហ៊ុន Foxconn របស់តៃវ៉ាន់ដែលជាដៃគូផ្គត់ផ្គង់ដ៏ធំបំផុតរបស់ Apple គ្រោងនឹងប្រកាសភាពជាដៃគូរជាមួយនឹងក្រុមហ៊ុនផលិតថយន្តជប៉ុនទីពីរក្នុងពេលឆាប់ៗខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។

លោក Liu បាននិយាយនៅឯកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ក្រុមហ៊ុនថា «មានក្រុមហ៊ុនផលិតរថយន្តជប៉ុនចំនួនពីរ មួយត្រូវបានប្រកាសរួចហើយ ហើយមួយទៀតគឺ ជិតរួចរាល់ហើយ»។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីអនុស្សរណៈនៃការយោគយល់គ្នាថ្មីៗនេះ ដែលបានចុះហត្ថលេខារវាងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Foxconn គឺ Foxtron Vehicle Technologies និង Mitsubishi Motors សម្រាប់ការផ្គត់ផ្គង់គំរូរថយន្តអគ្គិសនី។

Foxconn ចាត់ទុកភាពជាដៃគូនៅក្នុងប្រទេសជប៉ុនថាជាឱកាសដ៏សំខាន់មួយដើម្បីពង្រីកអាជីវកម្មរថយន្តអគ្គិសនី (EV) របស់ខ្លួន នេះបើយោងតាមលោក Jun Seki ប្រធានផ្នែកយុទ្ធសាស្រ្តរបស់ Foxconn សម្រាប់ទីផ្សាររថយន្តអគ្គិសនី EVs ដែលថ្លែងនៅក្នុងសិក្ខាសាលានៅទីក្រុងតូក្យូក្នុងខែមេសា។

គួរជម្រាបថា Foxconn ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផ្គត់ផ្គង់ iPhone ដ៏សំខាន់របស់ Apple កំពុងតែផ្តោតកាន់តែខ្លាំងលើភាពជាដៃគូជាមួយក្រុមហ៊ុនផលិតរថយន្តជប៉ុន ជាការផ្លាស់ប្តូរយុទ្ធសាស្ត្រដើម្បីពង្រីកអាជីវកម្មរថយន្តអគ្គិសនី (EV) របស់ខ្លួនចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងពីម៉ាករថយន្ត EV របស់ចិន។ ចំណាប់អារម្មណ៍នេះ កើតឡើងនៅពេលដែលក្រុមហ៊ុនផលិតរបស់ចិនពង្រីកវត្តមានរបស់ពួកគេយ៉ាងខ្លាំងក្លានៅក្នុងទីផ្សារពិភពលោកសំខាន់ៗដូចជា អឺរ៉ុប ប្រេស៊ីល និងថៃ៕