(តូក្យូ)៖ កីឡាករប្រណាំងម៉ូតូ Luca Marini ដែលបើកឱ្យក្រុមហ៊ុន Honda នោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីប៉ះទង្គិចដ៏ធ្ងន់ធ្ងរនាអំឡុងពេលហ្វឹកហាត់ក្នុងប្រទេសជប៉ុនកាលពីថ្ងៃពុធម្សិលមិញ។
អ្នកបើកបរវ័យ ២៧ឆ្នាំ សញ្ជាតិអ៉ីតាលីរូបនេះ បានបុកជាមួយរនាំងសងខាងផ្លូវនៅឯទីលាន Suzuka កាលពីថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យគ្រិចត្រគាក ប៉ះពាល់ឆ្អឹង និងសួត រួមទាំងដាច់សរសៃចងជង្គង់ទៀតផង។
ភ្លាមៗនោះដែរ Marini ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខរៀងទី១៣ នៅឯកម្មវិធី 2025 MotoGP Championship នោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ និងក្រោយមកត្រូវបានរាយការណ៍ថា បានស្ថិតក្នុងស្ថានភាពល្អប្រសើរវិញ។
ជាមួយគ្នានោះ ក្រុមហ៊ុនហុងដា ក៏បានចេញសេចក្តីថ្លែងការណ៍ដែរថា Marini នឹងនៅតែបន្តស្ថិតក្រោមការតាមដានក្នុងប្រទេសជប៉ុននៅឡើយ រហូតដល់ជាសះស្បើយឡើងវិញ។
រូបគេបានត្រៀមចូលរួមក្នុងការប្រណាំងជុំទី៨ ឆ្នាំ២០២៥ នេះ នៅឯទីលាន Aragon ស្ថិតក្នុងប្រទេសអេស្ប៉ាញ នៅថ្ងៃទី០៨ ខែមិថុនាខាងមុខ៕