(ឡុងដ៍)៖ លោក Davide Ancelotti ដែលត្រូវជាកូនប្រុសរបស់គ្រូបង្វឹកលំដាប់ពិភពលោក Carlo Ancelotti កាន់តែប្រកៀក ក្នុងការក្លាយជាគ្រូបង្វឹកថ្មីនៃក្លិប Rangers ក្រោយជំនួបដោយរលូនកាលពីសប្តាហ៍មុន នៅទីក្រុង London ប្រទេសអង់គ្លេស។

ទន្ទឹមគ្នានោះ បុរសវ័យទើបតែ ៣៥ឆ្នាំរូបនេះ ក៏ត្រូវបានគេរំពឹងថា នឹងនាំយកខ្សែបម្រើ Luka Modric ដែលទើបចាកចេញពីក្លិបអេស្ប៉ាញ Real Madrid មករួមក្រុមផងដែរនៅប្រទេសស្កុតឡេន ស្របពេលកីឡាករអន្តរជាតិក្រូអាត វ័យ ៣៩ឆ្នាំ មិនទាន់មានក្លិបថ្មីលេងនៅឡើយ។

ការជួបពិភាក្សាដោយផ្ទាល់នេះដែរ កំពុងប្រព្រឹត្តទៅដោយរលូន ដ្បិត Davide Ancelotti ជាជម្រើសទី១ របស់ Rangers ដែលធ្លាប់បានធ្វើជំនួយការរបស់ឪពុកដែលទើបចាកចេញពី Real Madrid ថ្មីៗនេះដែរ ក្រោយពេលលោក Carlo Ancelotti ទៅដឹកនាំឈុតធំជម្រើសជាតិសាំបាប្រេស៊ីល។

ជាការកត់សម្គាល់ផងដែរ លោក Davide Ancelotti កន្លងមកតែងតែធ្វើជាជំនួយការរបស់លោក Carlo ទាំងនៅក្លិប Bayern Munich, Napoli និង Everton ក្រោយពេលលេងឱ្យ AC Milan និង Borgomanero ផងដែរ កាលនៅ ជា កីឡាករ៕