(ម៉ូនិច)៖ ក្លិបខ្លារខិន Bayern Munich បានប្រកាសថា ពួកគេយកបានខ្សែការពារ Jonathan Tah ពីក្រុមរួមលីគអាល្លឺម៉ង់ Bayer Leverkusen ដោយគ្មានតម្លៃផ្ទេរឡើយ។
ទន្ទឹមគ្នានោះ កីឡាករអន្តរជាតិអាល្លឺម៉ង់ វ័យ ២៩ឆ្នាំរូបនេះ បានព្រមព្រៀងចុះកិច្ចសន្យាលេងជាមួយក្រុមជើងឯក Bundesliga មួយនេះ ក្នុងរយៈពេល ៤ឆ្នាំនៅកីឡដ្ឋាន Allianz Arena។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ក្រោយពីចុះកិច្ចសន្យារួចរាល់ Tah បានថ្លែងឱ្យដឹងថា «ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលបានលេងឱ្យ Bayern។ ខ្ញុំចង់ទទួលខុសត្រូវ និងខិតខំធ្វើការងារធ្ងន់នៅទីនេះ ក្នុងក្លិបដ៏ជោគជ័យ និងសំបូរពាន»។
Tah បានចំណាយពេល ១០រដូវកាលនៅ Leverkusen ជាមួយនឹងការជ្រោមជ្រែងដណ្តើមបានជើងឯក Bundesliga និង German Cup តាមរយៈរក្សាបានកំណត់ត្រាលេងមិនចាញ់ឡើយនៃរដូវកាល ២០២៣-២៤ ស្ថិតក្រោមការដឹកនាំដោយលោក Xabi Alonso មុនពេលចាកចេញទៅដឹកនាំ Real Madrid។
សម្រាប់រដូវកាលនេះ Jonathan Tah ក៏បានចូលលេងចំនួន ៤៩ប្រកួតគ្រប់កម្មវិធីជាមួយ Bayer Leverkusen ស្របពេលជាមួយជម្រើសជាតិឥន្រ្ទីដែកអាល្លឺម៉ង់វិញលេងបាន ៣៥ប្រកួត គិតចាប់តាំងពីឆ្នាំ២០១៦ មក៕