(ប៉ារីស)៖ តារាវាយកូនបាល់ទោល Jack Draper បានឆ្លងចូលជុំទី៣ នៃព្រឹត្តិការណ៍ French Open 2025 ក្នុងចំណោមកីឡាករអង់គ្លេសមានដល់ទៅ ៣នាក់ ដែលបានឆ្លងចូលវគ្គនេះជាលើកដំបូង គិតចាប់តាំងពីឆ្នាំ១៩៦៨ មក។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅទីលាន Court Philippe Chatrier ស្ថិតក្នុងទីក្រុងប៉ារីស ប្រទេសបារាំងនោះ កីឡាករវ័យទើបតែ ២៣ឆ្នាំរូបនេះ បានទម្លាក់គូប្រជែង Gael Monfils ដោយលទ្ធផល ៣ទល់នឹង១ មានលំដាប់ពិន្ទុ ៦-៣ ៤-៦ ៦-៣ និង ៧-៥ ដែលបានអូសបន្លាយដល់យប់ជ្រៅផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

នេះមានន័យថា កីឡាករលំដាប់លេខ១ អង់គ្លេស និងឈរនៅចំណាត់ថ្នាក់លេខ៥ ពិភពលោកបច្ចុប្បន្ន បានចូលរួមជាមួយ Jacob Fearnley និង Cameron Norrie របស់អង់គ្លេសដែលបានឆ្លងចូលវគ្គ ៣២នាក់ចុងក្រោយ នៃជុំទី៣ ជាបន្តទៀត ក្នុងការប្រកួតដែលបានធ្វើឡើងលើទីលានដីឥដ្ឋ ស្ថិតក្នុងក្របខណ្ឌធំ Grand Slam។

Jack Draper ពុំធ្លាប់ឈ្នះជើងឯកពាន French Open ម្តងណាឡើយ គិតមកដល់ការប្រកួតនាឆ្នាំនេះ បន្ទាប់ពីបានឆ្លងកាត់បទពិសោធនៅលើទីលានដីឥដ្ឋ ស្ថិតក្នុងទីក្រុងប៉ារីសចំនួន ២លើករួចមក៕