(បរទេស)៖ ខ្សែបម្រើស្លាបរបស់ក្លិប Benfica គឺ Angel di Maria នឹងវិលត្រឡប់ទៅលេងឱ្យក្លិបដែលលោកលេងតាំង ពីកុមារភាព Rosario Central ពោលគឺមានរយៈពេល ១០ខែ ក្រោយពេលរូបលោកទទួលសារគំរាមសម្លាប់រួចមក។

ក្លិបដែលកំពុងឈរជើងក្នុងលីគកំពូលនៃប្រទេសអាហ្សង់ទីនមួយនេះ បានប្រកាសពីការវិលទៅចូលរួមរបស់កីឡាករវ័យ ៣៧ឆ្នាំកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ជាទីដែល Di Maria បានចាប់ផ្តើមអាជីពបាល់ទាត់នៅ Rosario កាលឆ្នាំ២០០៥។

Di Maria ត្រូវបានគេចាត់ទុកថា ជាកីឡាករមួយរូបដែលជោគជ័យ តាមរយៈឈ្នះពាន World Cup, Copa America និងមេដាយមាសអូឡាំពិករដូវក្តៅ ជាមួយក្រុមពពកសអាហ្សង់ទីន និងធ្លាប់លេងឱ្យក្លិបធំៗមួយចំនួនផងដែររួមមាន Real Madrid, Paris Saint Germain, Manchester United និង Juventus ទៀតផង។

ក្លិប Rosario បានសរសេរសារបង្ហោះនៅលើបណ្តាញសង្គម X ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «ប្រវត្តិសាស្រ្តរបស់ពួកយើងនៅតែបន្តកត់ត្រា។ សូមស្វាគមន៍ ចំពោះការត្រឡប់មកផ្ទះវិញ»

នៅចាំបានថា តារា World Cup 2022 Di Maria បានចំណាយពេល ២រដូវកាលជាមួយ Rosario មុនពេលចាកចេញទៅរួមក្លិបនៅតំបន់អឺរ៉ុប Benfica ជាទីដែលលោកបានលេងច្រើនជាង ៧០០ប្រកួតឯណោះ ក្នុងក្លិបលំដាប់កំពូលៗខាងលើ៕