(ភ្នំពេញ)៖ ការប្រកួតកីឡាចំបាប់ នៃព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៥ គ្រោងនឹងធ្វើឡើងនាថ្ងៃទី១១-១៥ ខែមិថុនាខាងមុខ ដោយមានកីឡាករ-កីឡាការិនីប្រមាណជិត ១០០នាក់ មកពីទូទាំងប្រទេសចូលរួម ។ នេះបើតាមការបញ្ជាក់របស់កញ្ញា កាំង ណុចបវរ អគ្គលេខាធិការ សហព័ន្ធកីឡាចំបាប់កម្ពុជា។
អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា ព្រឹត្តិការណ៍ប្រចាំឆ្នាំរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡានេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការបំផុសចលនាកីឡាដល់សិស្សនុសិស្សបានលេងកម្សាន្ដ និងលើកកម្ពស់សុខមាលភាពរបស់ពួកគេ ក៏ដូចជាការរឹតចំណងមិត្តភាព សាមគ្គីភាព ដែលឆ្លើយតបនឹងយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល ដែលបានជំរុញឲ្យប្រជាពលរដ្ឋម្នាក់ ត្រូវចេះលេងកីឡាមួយប្រភេទប្រចាំជីវិតផងដែរ។
ចំពោះកីឡាចំបាប់ ដែលជាប្រភេទកីឡាប្រពៃណីមួយរបស់កម្ពុជា នៅក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សានេះ ពីមួយឆ្នាំទៅមួយឆ្នាំ គឺមានកំណើននៃការហ្វឹកហាត់ និងចូលរួមកាន់តែច្រើន ជាក់ស្ដែងឆ្នាំនេះ មានកីឡាករ-កីឡាការិនីជិត ១០០នាក់ ត្រូវបានចុះឈ្មោះចូលរួមប្រកួតលើ ៨វិញ្ញាសា ក្នុងនោះវិញ្ញាសាចំបាប់សេរីនារី ៣ប្រភេទទម្ងន់ និងវិញ្ញាសាចំបាប់សេរីបុរស ៥ប្រភេទទម្ងន់។
កញ្ញា កាំង ណុចបវរ បានចាត់ទុកកំណើនសិស្សានុសិស្សលេងកីឡាចំបាប់នេះ គឺជាសញ្ញាណវិជ្ជមានមួយ ក្នុងការអភិវឌ្ឍធនធានបន្ដវេន ស្របតាមគោលការណ៍របស់ក្រសួងអប់រំ តាយមរយៈការចម្រាញ់កីឡាករ-កីឡាការិនីឆ្នើមៗពីព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ មកបណ្ដុះបណ្ដាលពួកគេនូវជំនាញកម្រិតខ្ពស់ ដើម្បីត្រៀមលក្ខណៈចូលរួមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ។
សូមបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រសួងអប់រំ បានកំណត់កីឡាចំនួន ១៤ប្រភេទ ស្មើនឹង ១២៣វិញ្ញាសា ក្នុងនោះក៏មានប្រភេទកីឡាចំបាប់ផងដែរ ដែលព្រឹត្តិការណ៍ទាំងមូល នឹងប្រព្រឹត្តទៅពីថ្ងៃទី៦ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដោយមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុបជាង ៣,៦០០នាក់ មកពីទូទាំង ២៥រាជធានី-ខេត្ត៕